
រាជធានីពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បន្តអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់លើការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម ដោយផ្តោតលើការអប់រំសុខភាពក្នុងសហគមន៍។ លោករដ្ឋមន្ត្រី ថ្លែងសារជំរុញនេះក្នុងឱកាសចុះពិនិត្យការផ្ដល់សេវាសុខាភិបាល និងស្ថានភាពការវិវត្តនៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦...។

លោក ឈាង រ៉ា ថ្លែងថា៖«បច្ចុប្បន្ន ជំងឺគ្រុនឈាម ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកម្ចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព សុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប»។ ទន្ទឹមគ្នា រដ្ឋមន្ត្រីរូបនេះ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងសង្គ្រោះ ព្យាបាលកុមារប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។

លោករដ្ឋមន្រ្តី ចាត់ទុកមន្ទីរពេទ្យគន្ធបុប្ផា ថាជានិមិត្តរូបនៃការជួយសង្គ្រោះកុមារនៅកម្ពុជា ដោយផ្តល់សេវាព្យាបាលប្រកបដោយក្ដីករុណា គុណភាព និងក្ដីសង្ឃឹម។ មូលនិធិគន្ធបុប្ផាកម្ពុជា ធ្លាប់បង្ហាញរបាយការណ៍អំពីកុមារកើតជំងឺគ្រុនឈាម កើនឡើងគួរឱ្យកត់សម្គាល់ និងអំពាវនាវឱ្យអាណាព្យាបាលប្រុងប្រយ័ត្ន។ រោគសញ្ញាជំងឺ«គ្រុនឈាម» ដែលងាយកក់សម្គាល់ គឺអ្នកជំងឺក្ដៅខ្លួនខ្លាំងចាប់ពី៣៩ទៅ៤០អង្សាសេ។

ក្រសួងសុខាភិបាល តែងប្រាប់ពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងមានទឹកដក់ និងដាក់ថ្នាំសម្លាប់ដង្កូវទឹកនៅក្នុងអាង ពាង និងកន្លែងដែលស្តុកទឹក ។ លើសពីនេះ ត្រូវស្វែងរកការពិគ្រោះ និងពិនិត្យព្យាបាលបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតក្នុងករណីមានរោគសញ្ញាគ្រុនក្ដៅខ្លាំងចាប់ពី៣៩ទៅ៤០អង្សាសេក្នុងអំឡុងពេលយ៉ាងតិចត្រឹមពីរថ្ងៃដំបូង៕







