
រាជធានីភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវឱ្យអាណាព្យាបាលប្រុងប្រយ័ត្ន ខណៈត្រឹមរយៈពេលពេញ១ខែមិថុនា ឆ្នាំ២០២៦ ករណីកុមារកើតជំងឺគ្រុនឈាមចូលទទួលសេវាព្យាបាលកើនដល់១៨៩២នាក់។ រោគសញ្ញាជំងឺ«គ្រុនឈាម» ដែលងាយកក់សម្គាល់ គឺអ្នកជំងឺក្ដៅខ្លួនខ្លាំងចាប់ពី៣៩ទៅ៤០អង្សាសេ...។

មូលនិធិគន្ធបុប្ផាកម្ពុជា បង្ហាញរបាយការណ៍នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងអំឡុងខែមិថុនា តួលេខកុមារកើតជំងឺគ្រុនឈាមកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលរដូវវស្សាជារដូវដែលជំងឺនេះ ងាយផ្ទុះឡើង។ ក្នុងចំណោមអ្នកសម្រាកព្យាបាល ១,៧ម៉ឺននាក់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា មានអ្នកជំងឺគ្រុនឈាមចំនួន១៨៩២នាក់។ ចំពោះមុខការកើនឡើងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា៖«អំពាវនាវដល់អាណាព្យាបាលឱ្យយកចិត្តទុកដាក់ខ្ពស់លើសុខភាពកូនៗ ជាពិសេសក្នុងរដូវវស្សា ដោយអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម និងនាំកុមារទៅទទួលការពិនិត្យពីគ្រូពេទ្យភ្លាមៗ ប្រសិនបើមានរោគសញ្ញាសង្ស័យ»។ ការផ្ដល់សេវាពិនិត្យ និងព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងផ្តល់សេវាដោយស្មើភាព មិនមានការរើសអើង។ ទន្ទឹមនេះ មូលនិធិ ក៏បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមបរិច្ចាគក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីគាំទ្រដល់ការព្យាបាលកុមារកម្ពុជា និងរួមចំណែកនាំមកនូវអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ។

ក្រសួងសុខាភិបាលកម្ពុជា កាលពីពេលថ្មីៗ ក៏បានចេញសារព្រមានពីហានិភ័យនៃការផ្ទុះជំងឺគ្រុនឈាមខ្លាំងនូវរដូវវស្សាឆ្នាំនេះ ដោយសារឥទ្ធិពលនៃបាតុភូតកើនកម្ដៅ នៅតំបន់អាស៊ីប៉ាស៊ីហ្វិករួមទាំងកម្ពុជា ធ្វើឱ្យចំនួនមូសខ្លា និងជំងឺគ្រុនឈាមកើនឡើង។ ក្រសួង ប្រាប់ពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងមានទឹកដក់ និងដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ លើសពីនេះ ត្រូវស្វែងរកការពិគ្រោះ និងពិនិត្យព្យាបាលបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងករណីមានរោគសញ្ញាគ្រុនក្ដៅខ្លាំងចាប់ពី៣៩ទៅ៤០អង្សាសេ ក្នុងអំឡុងពេលយ៉ាងតិចត្រឹមពីរថ្ងៃដំបូង៕




