
រដ្ឋធានីហាណូយ៖ រដ្ឋាភិបាលនៃប្រទេសវៀតណាម បានទម្លាក់សេចក្តីព្រាងច្បាប់ថ្មីស្តីពីសំណង់ផ្ទះសម្បែង ដោយបានសម្រេចលុបចោលប្រភេទអចលនទ្រព្យ«ផ្ទះជាប់ដី ឬ Landed Houses» ចេញពីបញ្ជីអចលនទ្រព្យដែលជនបរទេសមានសិទ្ធិកាន់កាប់ (ពេលច្បាប់នេះចេញជាផ្លូវការ ជនបរទេស នឹងលែងមានសិទ្ធិកាន់កាប់វិញ)។ ទោះជាយ៉ាងណាក៏ដោយ ក្រោមសេចក្តីព្រាងច្បាប់ថ្មីនេះ បុគ្គល និងអង្គការបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅតែត្រូវបានអនុញ្ញាតឱ្យទិញ និងកាន់កាប់ខុនដូ ផ្ទះល្វែង (Apartment) ដដែល ប៉ុន្តែត្រូវស្ថិតក្រោមការអនុវត្តតាមកម្រិតកំណត់ និងលក្ខខណ្ឌមួយចំនួន។

ក្រសួងសំណង់វៀតណាម បានបញ្ជាក់ថា ការធ្វើកំណែទម្រង់ច្បាប់ស្តីពីផ្ទះសម្បែងនេះ ដើម្បីឱ្យស្របគ្នាទៅនឹងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ។ សេចក្តីសម្រេចចិត្តនេះ មានចែងថា ដីធ្លី គឺជាសម្បត្តិសាធារណៈ មិនអាចធ្វើជាកម្មសិទ្ធិឯកជនបានឡើយ ហើយជនបរទេសមិនអាចទទួលបានការផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លីបានទេ។ ជាមួយគ្នានេះដែរ លោក ង្វៀន ឌុយថាញ់ (Nguyen Duy Thanh) អនុប្រធានសមាគមប្រតិបត្តិការ និងគ្រប់គ្រងអគារស្នាក់នៅរួមទីក្រុងហូជីមិញ (អតីតដែនដីព្រៃនគរ) បានលើកឡើងថា ដីធ្លីគឺជាធនធានជាតិដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ។ ការគ្រប់គ្រងការចូលប្រើយ៉ាងប្រុងប្រយ័ត្នលើដីធ្លី គឺជារឿងចាំបាច់បំផុតសម្រាប់សន្តិសុខ និងការការពារជាតិ នៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗ ដូចជាតំបន់ព្រំដែន ឆ្នេរសមុទ្ទ និងកោះនានា។ ការបន្តអនុញ្ញាតឱ្យជនបរទេសទិញត្រឹមតែខុនដូ ឬផ្ទះល្វែង (Apartment) ក្រោមលក្ខខណ្ឌម៉ឺងម៉ាត់ នឹងមិនបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិឡើយ។

សម្រាប់អង្គការ និងបុគ្គលបរទេសដែលទទួលបានការអនុញ្ញាតឱ្យចូលប្រទេសវៀតណាម សេចក្តីព្រាងច្បាប់នេះ នៅតែបើកផ្លូវឱ្យជួល-ទិញ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌសំខាន់ៗ ដូចជា៖ បុគ្គល និងអង្គការបរទេស អាចទិញ និងកាន់កាប់បានជាអតិបរមាមិនឱ្យលើសពី ៣០ភាគរយ នៃចំនួនផ្ទះល្វែង ឬអាផាតមិន (Apartment) សរុបនៅក្នុងអគារខុនដូនីមួយៗឡើយ, សិទ្ធិកាន់កាប់ខុនដូ ឬផ្ទះល្វែង សម្រាប់ជនបរទេស មានរយៈពេលអតិបរមា៥០ឆ្នាំ, ការពន្យារពេលអាចធ្វើទៅបានរហូតដល់៥០ឆ្នាំបន្ថែមទៀត ដោយផ្អែកលើអាយុកាលប្រើប្រាស់នៅសល់នៃអគារ, ហើយរដ្ឋាភិបាលនឹងកំណត់តំបន់ការពារសន្តិសុខ និងការពារជាតិ ដោយហាមឃាត់មិនឱ្យជនបរទេសទិញអចលនទ្រព្យនៅក្នុងតំបន់ទាំងនោះដាច់ខាត។ សេចក្តីព្រាងច្បាប់ថ្មីបានបញ្ជាក់យ៉ាងច្បាស់ថា ជនបរទេសដែលមានវិញ្ញាបនបត្រកម្មសិទ្ធិស្របច្បាប់លើអចលនទ្រព្យរួចហើយ នឹងនៅតែទទួលបានការការពារសិទ្ធិពេញលេញ (មានន័យថា ច្បាស់ថ្មីនេះ នឹងមិនអនុវត្តទៅលើជនបរទេសទាំងឡាយណា ដែលបានទិញ និងកំពុងកាន់កាប់អគារជាន់ជាប់ដី តាំងពីពេលមុនមកនោះទេ)៕






