
ក្រុងសិរីសោភ័ណ៖ គិតត្រឹមទី២០ ខែតុលា ឆ្នាំ២០២៦ គ្រោះមន្តរាយជំនន់ទឹកភ្លៀង បានធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យចំនួន២០៩២៦ហិកតា ខូចខាតទាំងស្រុង។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ ទម្លាយចេញ…។

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ស្រូវដែលរងការលិចលង់ខូចខាតទាំងស្រុង មាននៅដូចជា ក្រុងសិរីសោភ័ណ ចំនួន៣៥៤៣ហិកតា, ក្រុងប៉ោយប៉ែត ចំនួន១៤៣០ហិកតា។ រីឯស្រុកអូរជ្រៅ រងការខូចខាត ចំនួន៣៣២៩ហិកតា, ស្រុកស្វាយចេក ចំនួន៩៤ហិកតា, ស្រុកព្រះនេត្រព្រះ ចំនួន៣៤៩៩ហិកតា, ស្រុកភ្នំស្រុក ចំនួន១៥៦៤ហិកតា, និងស្រុកមង្គលបូរី ចំនួន៧១៦១ហិកតា, និងស្រុកម៉ាឡៃ ចំនួន៣០៦ហិកតា។ ដោយទ្បែក ស្រូវដែល អាចស្រោចស្រង់បានមានចំនួន ៣៧៤៧៤ហិកតា ដោយប្រជាកសិករកំពុងប្រើប្រាស់ថ្នាំបាញ់ និងដាក់ជី។ សូមជម្រាបថា តាមការព្យាកររបស់ក្រសួងធនធានទឹក ចេញកាលពីថ្មីៗ បានឱ្យដឹងថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះសង្ឃរា ឈ្មោះ ណូឡូ និងព្យុះឈ្មោះ កូហ្គូម៉ា សហការ ជាមួយព្យុះឈ្មោះ ស៊ូរីហ្គាអេ បន្តជះឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី និងបោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង ព្រមទាំងអាងទន្លេមេគង្គផងដែរ។

ពេលនេះ មានព្យុះថ្មីឈ្មោះ «ចម្ពី» បាននិងកំពុងវិវត្តទៅជាព្យុះសង្ឃរា ក៏បានជះឥទ្ធិពលមកលើកម្ពុជាផងដែរ។ មូលហេតុនេះហើយ ដែលធ្វើឱ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់លាយទ្បំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីមួយភាគធំក្នុងប្រទេសកម្ពុជា។ កត្តាទាំងនេះ បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំកសិផលប្រជាកសិករកាន់តែច្រើន។ ឆ្លើយតបនឹងស្ថានភាពនេះ បើតាមលោក សុទ្ធ គឹមកុលមន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ SBM News តាមប្រព័ន្ធតេទ្បេក្រាម កាលពីថ្មីៗ ថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ កំពុងវាយតម្លៃអំពីការខូចខាតផលដំណាំ និងគ្រោងផ្តល់គ្រាប់ពូជស្រូវដល់ប្រជាកសិករ ដាំស្តារទ្បើងវិញ។ ចំពោះតំបន់ណាដែលមិនអាចស្តារទ្បើងវិញបាន អាជ្ញាធរនឹងជួយជាស្បៀង ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ៕



