ក្រុងសិរីសោភ័ណ៖ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហាក់មានសោភ័ណភាពឡើងវិញបណ្តើរៗ បន្ទាប់ពីសប្បុរសជន ជួយឧបត្ថម្ភគាំទ្រជួសជុលផ្នែកខ្លះនៃប្រាសាទឱ្យឈរឡើងវិញ ខណៈមន្ត្រីទេសចរណ៍រំពឹងថាអាចនឹងស្រូបទាញភ្ញៀវឱ្យទៅទស្សនាកម្សាន្តកើនឡើងបន្ថែម..។

ថ្លែងប្រាប់ SBM News នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមន្ទាយមានជ័យ បានឱ្យដឹងថា ដំណើរការជួសជុលរោងទងទី៣ ថែវខាងលិចនៃប្រាសាទបន្ទាយឆ្មារ ធ្វើឡើងដោយមានការចូលរួមពីមន្ត្រីជំនាញ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះប្រមាណជាង១០០នាក់ ក្រោមការផ្គត់ផ្គង់ជំនួយពីលោកស្រី ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជននានា។ ប្រធានមន្ទីរវប្បធម៌រូបនេះ ថ្លែងថា៖«ក្រោយការជួសជុលថែវប្រាសាទ ឃើញថា មានការឈរត្រដែតឡើងវិញ បើនិយាយទៅវាល្អប្រសើរជាងមុនឆ្ងាយ ពីមុនវារាបដល់ដី វាសល់តែជើងតិចតួច[..]ឥឡូវគាត់[សប្បុរសជន]រៀបបានឈរស្អាតឡើងវិញ[..]»។

ទន្ទឹមនឹងការជួយរបស់លោកស្រីនាពេលនេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់សប្បុរសជននានា ឱ្យចូលរួមឧបត្ថម្ភគាំទ្របន្តទៀត ដើម្បីជួសជុលប្រាសាទនេះឱ្យសម្រេចបានលទ្ធផល១០០ភាគរយ ខណៈទីតាំងប្រាសាទកំពុងប្រឈមនូវការទ្រុឌទ្រោមជាខ្លាំង ដោយកត្តាអាយុកាល និងកត្តាធម្មជាតិ ជាពិសេសនៅរដូវភ្លៀងធ្លាក់។ លោកប្រធានមន្ទីរក៏បានអះអាងផងដែរថា កន្លងទៅទីតាំងប្រាសាទបន្ទាយឆ្មារនេះ ពុំដែលមានកញ្ចប់ថវិកាថ្នាក់ជាតិទុកជួសជុលឡើយ។ លោកថ្លែងថា៖«រយៈកាលកន្លងមក មន្ទីរអត់មានថវិកាជួសជុលទេ ស្នើសុំជួសជុលខ្នាតតូចដែរ តាមប្រាសាទនានាផ្សេងទៀតក៏អត់ ថវិកាជាតិអត់ប្រគល់ជូនដែរ ដោយសារតែអត់មាន!»។

ដោយឡែក បើតាម លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ យល់ថា សមិទ្ធផលដែលទើបសម្រេចបានខ្លះៗនៃការជួសជុលប្រាសាទបន្ទាយឆ្មារនេះ អាចជួយជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមានការកើនឡើងបន្ថែម ពោលគឺតំបន់ទេសចរជាប់ព្រំដែនកម្ពុជា-ថៃមួយនេះ អាចនឹងក្លាយជាចលករមួយជួយថ្ពក់បេះដូងមហាជនឱ្យមកកម្សាន្តនៅទីនេះ ហើយលោកក៏រំពឹងថា ទីតាំងខាងលើនឹងកាន់តែល្អស្អាតឡើងវិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ជាតិ។ លោកអះអាងថា៖«បច្ចុប្បន្នមានភ្ញៀវអន្តរជាតិទៅច្រើន តាមរយៈសហគមន៍ទេសចរណ៍បន្ទាយឆ្មារ ភាគច្រើន គឺភ្ញៀវអ៊ីរ៉ុប..ភ្ញៀវអ៊ឺរ៉ុបគឺទៅលេងច្រើននៅទីនោះ»។ ដោយឡែក សម្រាប់ភ្ញៀវក្នុងស្រុកវិញ លោកថាទៅលេងភាគច្រើនតែពេលមានកម្មវិធីបុណ្យជាតិធំៗប៉ុណ្ណោះ។

សូមជម្រាបថា ប្រាសាទបន្ទាយឆ្មារ ស្ថិតភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែននៃប្រទេសថៃផ្នែកខាងលិច និងនៅភាគខាងលិចអង្គរចម្ងាយប្រហែល១៥០គីឡូម៉ែត្រ និងចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីខាងជើងទីរួមខេត្តបន្ទាយមានជ័យ។ បន្ទាយឆ្មារ គឺជាក្រុមប្រាសាទ កសាងនៅក្រុងតូចមួយមានកំពែងដីទំហំប្រវែងប្រហែល២៥០០x២២០០០ម៉ែត្រ នៅខាងកើតមានអាងមេបុណ្យមួយ (អាងទឹក ឬបារាយណ៍) មានទំហំប្រវែងប្រហែល១៧០០x១០០០ម៉ែត្រ។ ប្រាសាទបន្ទាយឆ្មារ កសាងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨ គ.ស. គឺជាប្រាសាទឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន៕


