
ក្រុងសិរីសោភ័ណ៖ តាមលំនៅឋានពលរដ្ឋជាង២០០គ្រួសារ និងមន្ទីរពេទ្យមួយចំនួន នៅភូមិចំនួន៤ ក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ខណៈរដ្ឋបាលខេត្តបានប្រើរថយន្តពន្លត់អគ្គិភ័យ៧គ្រឿង ដឹកទឹកផ្តល់ឱ្យពលរដ្ឋប្រើប្រាស់...។

អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា ភូមិដែលកំពុងប្រឈម ការខ្វះខាតទឹកប្រើប្រាស់ គឺភូមិព្រែកល្ពៅ ភូមិនាងកេត ភូមិហ្លួង និងភូមិឫស្សីក្រោក។ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ក៏ប្រឈមនឹងការខ្វះខាតទឹកដូចគ្នា។ ចំពោះមុខបញ្ហាកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដឹកនាំកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ដឹកទឹកឱ្យប្រជាពលរដ្ឋកាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្ត ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់។

លោក អ៊ុំ រាត្រី បញ្ជាក់ថា៖«ពិសេសក្នុងស្រុកមង្គលបូរី ជាស្រុកមួយដែលកំពុងប្រឈមការខ្វះខាតទឹកសម្រាប់ប្រើប្រាស់»។ ចំពោះ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងអធិការនគរបាលស្រុក បានដឹកទឹក ដើម្បីផ្គត់ផ្គង់មន្ទីរពេទ្យនោះជាប្រចាំរហូតទាល់តែមានទឹកប្រើប្រាស់ឡើងវិញ។

សូមរំឭកថា កាលពីថ្ងៃទី៦កុម្ភៈ
ឆ្នាំ២០២៥ ក្រសួងធនធានទឹកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត
ក្រោយមន្ត្រីជំនាញព្យាករឃើញថា បរិមាណទឹកភ្លៀងក្នុងខែកុម្ភៈ និងខែមីនា
មានតិចជាងមធ្យម អាចបណ្ដាលឱ្យមានការខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តភាគខាងជើង
និងជុំវិញបឹងទន្លេសាប។ ជាពិសេស ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប
កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ដោយឡែក ស្ថានភាពនៅដើមរដូវវស្សាវិញ ចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២
នៃខែឧសភា លឿនជាងឆ្នាំ២០២៤ ដោយមានសីតុណ្ហភាពមធ្យមអប្បបរមា
និងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំ៕
អត្ថបទពាក់ព័ន្ធ





