
ក្រុងសិរីសោភ័ណ៖ ក្រសួងបរិស្ថាន បាននិងកំពុងពិនិត្យរៀបចំដាក់បញ្ចូលតំបន់ភ្នំចំនួន៩ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ជាតំបន់ការពារទេសភាព និងជាតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិ…។

មន្រ្តីជំនាញក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំពិនិត្យភាក្សាគ្នា កាលពីថ្ងៃទី២៣មិថុនា ដោយអង្គប្រជុំ បានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិ តាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលគ្រោងបញ្ចូលភ្នំចំនួន៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន៖ ភ្នំកងវ៉ា មានផ្ទៃដីទំហំ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ២២ហិកតា។ ដោយឡែក ភ្នំចំនួន៥ទៀត គ្រោងបញ្ចូលជាតំបន់ការពារទេសភាព រួមមាន៖ ភ្នំវែង មានផ្ទៃដីទំហំ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដីទំហំ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំជាង២៦០ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ១៧ហិកតា។

ជាមួយគ្នា អង្គប្រជុំបានសម្រេចឱ្យក្រុមការងារដែលមានមន្រ្តីជំនាញនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋាន សហការជាមួយមន្រ្តីជំនាញមកពីអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន បន្តចុះសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យដែលនៅខ្វះខាតមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធទៅនឹងសង្គម, សេដ្ឋកិច្ចនៅក្នុងតំបន់, តម្លៃវប្បធម៌ និងទេសចរណ៍, ទិន្នន័យវិទ្យាសាស្រ្ដជីវៈចម្រុះ រុក្ខជាតិ និងសត្វ។ បើតាមការបញ្ជាក់របស់មន្រ្តីក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣តំបន់ គ្រប់ដណ្ដប់លើផ្ទៃដីជាង៧លានហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេស។

បច្ចុប្បន្ន តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ ឧទ្យានជាតិ៩តំបន់, ឧទ្យានជាតិសមុទ្ទ២តំបន់, ដែនជម្រកសត្វព្រៃ១៨តំបន់, តំបន់ការពារទេសភាព១៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាង១១តំបន់, តំបន់រាមសារ៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិ១៤តំបន់៕




