អាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាង «គ្មានការគប់គិតដកហូតផ្ទះផ្លូវកែង ដោះដូរយកលុយពីជនភៀសសឹកទេ»
S
Soriya Sou
12 ម៉ោងមុន

ក្រុងសិរីសោភ័ណ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអះអាងថា គ្មានករណីគប់គិតដកហូតផ្ទះកែង សម្រាប់ដូរយកប្រាក់ពីបងប្អូនជនភៀសសឹកដែលរងគ្រោះព្រោះថៃឈ្លានពាននោះទេ ពោលគឺផ្ទះបណ្ដោះអាសន្នត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋស្មើៗគ្នាតាមរយៈការចាប់ឆ្នោតដោយស្មើភាពប៉ុណ្ណោះ...។

ការបញ្ជាក់របស់អាជ្ញាធររដ្ឋបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបនឹងការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ កាមទេព លីម ហុង កាលពីថ្ងៃទី១៥កក្កដា ឆ្នាំ២០២៦ ថា ក្រុមការងារស្រុកអូរជ្រៅ និងលោកមេភូមិជោគជ័យ គប់គិតគ្នាដកហូតលេខផ្ទះដែលនៅជាប់កែងផ្លូវធំ ទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះក្នុងតម្លៃ៤លាន៥០ម៉ឺនរៀល។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺនៅថ្ងៃទី១៦កក្កដានេះថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ, ព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរិទ្ធ, ភូមិសាមគ្គី, ភូមិត្រពាំងសំរោង, ភូមិផ្លូវបំបែក, និងភូមិបឹងសុក្រម ក្នុងឃុំគោករមៀតនៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ដាក់ទូរកុងតឺន័រ រាយបន្លាលួស ហ៊ុំព័ទ្ធផ្ទះសម្បែង និងដីធ្លី ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គិតគូរខ្លាំងទាំងការរស់នៅ និងជីវភាពប្រចាំថ្ងៃ និងបានរៀបចំលំឋានបណ្តោះអាសន្នជូនពួកគាត់ចំនួន៣៣១៨គ្រួសារ ស្មើនឹង៧ភូមិ ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន បងប្អូនជាជនភៀសសឹកបានទទួលផ្ទះតាមរយៈការចាប់ឆ្នោត ដោយមួយចំនួនធំបានចូលរស់នៅរួចរាល់ហើយ និងនៅសេសសល់មួយចំនួនតូចមិនទាន់បានចូលទៅរស់នៅ ដោយសារពួកគាត់ទើបតែបានចាប់ឆ្នោតបញ្ចប់ត្រឹមថ្ងៃទី១៥កក្កដា។«ការចាប់ឆ្នោតទទួលយកផ្ទះ មិនមានការគប់គិតគ្នាដកហូតផ្ទះកែងសម្រាប់ធ្វើការដោះដូរជាប្រាក់ ដូចបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ កាមទេព លីម ហុង ធ្វើការចុះផ្សាយនោះឡើយ។ ការចាប់ឆ្នោតទទួលយកផ្ទះនៅបណ្ដោះអាសន្ន ត្រូវបានធ្វើឡើងប្រកបដោយតម្លាភាព ក្រោមការទទួលខុសត្រូវពីក្រុមការងារចម្រុះខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អ្នកសារព័ត៌មាន និងសាធារណជន»។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សង្កត់ធ្ងន់បន្ថែមថា ចំពោះខ្នងផ្ទះដែលមិនទាន់ចាប់ឆ្នោត ក្រុមការងារខេត្ត បានទុកសម្រាប់ជនភៀសសឹកដែលមិនទាន់មកចាប់ឆ្នោត មិនបានទុកសម្រាប់ឱ្យទៅបុគ្គលណាម្នាក់ឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត