ឥទ្ធិពល[រ៉ែកម្រ] ធ្វើឱ្យ ត្រាំ ផ្លាស់ប្ដូរគោលនយោបាយលើរបបយោធាភូមា
S
Sinuon Nop
•
21 តុលា 2026 11:01 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រឆាំងរបបយោធាភូមា ក្រោមបទបញ្ជាប្រតិបត្ដិលេខ១៤០១៤ ខណៈលោក ដូណាល់ ត្រាំ បានពង្រីកទណ្ឌកម្មបន្ថែមទៀត កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប៉ុន្ដែ បច្ចុប្បន្ន​ រដ្ឋការរបស់លោក ត្រាំ ចាប់ផ្ដើមទំនាក់ទំនងចរចាការទូត និងជ្រើសរើសការបន្ធូរបន្ថយទណ្ឌកម្ម ក៏ដូចជាការលុបចោលនូវឯកជនភាព ពាក់ព័ន្ធនឹងរបបយោធា ដែលកំពុងបន្ដកំណត់គោលដៅលើបណ្ដាញឆបោកតាមអនឡាញ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារយោធាដល់ប្រទេសអាស៊ានមួយនេះ រហូតកើតមានសំណួរចោទសួរ ថាតើគោលនយោបាយដ៏យូរអង្វែងរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ដាក់របបយោធាភូមាឱ្យនៅឯកោ ឥឡូវបាននិងកំពុងផ្លាស់ប្ដូរហើយឬ..?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

បណ្ដាញទូរទស្សន៍អង់គ្លេស BBC ចេញផ្សាយនៅព្រឹកថ្ងៃពុធទី២១ ខែតុលានេះថា ការបែកធ្លាយព័ត៌មាន អំពីមន្រ្ដីកំពូលមួយរូប នៅក្នុងរដ្ឋការរបស់លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំរដ្ឋប្រហារយោធារបស់ភូមា  គឺលោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (မင်းအောင်လှိုင်) កាលពីខែកញ្ញា និងការលុបឈ្មោះធុរជនកំពូលៗមួយចំនួនរបស់ភូមា ចេញពីបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក បានបង្ហាញកាន់តែច្បាស់ អំពីគោលនយោបាយរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។

ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា បណ្ដេញលោកស្រី អ៊ុង សានស៊ូជី (အောင်ဆန်းစုကြည်) ចេញពីអំណាច និងចាប់ឃុំខ្លួនលោកស្រី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ស្ទើរតែមិនមានទំនាក់ទំនងការទូតផ្លូវការណាមួយ ជាមួយរបបយោធានៅក្នុងប្រទេសភូមាឡើយ។ សកម្មភាពរបស់ពួកឧត្ដមសេនីយ៍យោធា បានរុញច្រានប្រទេសភូមា ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល និងមានមនុស្សយ៉ាងតិចប្រហែល១០០ ០០០នាក់ បាត់បង់ជីវិត នៅក្នុងភ្នក់ភ្លើងសង្គ្រាមនេះ។ ទន្ទឹមគ្នា សហរដ្ឋអាម៉េរិក ក៏បានដាក់វិធានការទណ្ឌកម្មជាបន្តបន្ទាប់ ដោយផ្តោតគោលដៅទៅលើបុគ្គលទាំងហ្លាយណា ដែលត្រូវបានគេមើលឃើញថា បានគាំទ្រដល់របបយោធានេះ។

លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន​ លោក ស៊ី ជិនពីង
លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន​ លោក ស៊ី ជិនពីង

ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ជាមួយលោក មីឆែល វ៉ែនស៍ (Michael Vance) ឧបការីនៃរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកការស៊ើបការណ៍សម្ងាត់ និងការស្រាវជ្រាវ បានកើតឡើងរួចមកហើយ នៅក្នុងរដ្ឋធានីណៃពិដោ។ គោលបំណងដ៏ចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកការដោះលែងលោក អាដាម កាស្ទីលឡូ (Adam Castillo) ដែលជាអ្នកជំនួញអាម៉េរិកាំង ត្រូវបានឃាត់ខ្លួន កាលពីខែមិថុនា ពាក់ព័ន្ធនឹងជម្លោះមួយ ជាមួយសភាពាណិជ្ជកម្មអាម៉េរិកាំង ប្រចាំនៅប្រទេសភូមា។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង

លោក មីឆែល វ៉ែនស៍ ជាមន្រ្ដីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បានជួបជាមួយលោកប្រធានាធិបតីភូមា មីន អ៊ុងឡាំង ចាប់តាំងពីគាត់បានដឹកនាំពួកឧត្ដមសេនីយ៍ ធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីគណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី រហូតមក។ ការចរចា រវាងមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក ជាមួយមេដឹកនាំរបបសឹកភូមា ប្រាកដណាស់ ស្ទើរតែពិភាក្សាលើបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមក។ មន្រ្ដីជាន់ខ្ពស់អាម៉េរិករូបនេះ ត្រូវបានគេដឹងរួចមកហើយ អំពីជំនួបជាមួយក្រុមមន្រ្ដីភូមា នៅក្នុងរាជធានីតូក្យូ កាលពីខែមិថុនា និងបានជួបគ្នាម្ដងទៀត នៅក្នុងរាជធានីដដែលនេះ នៅខែតុលា។ ស្របគ្នានេះដែរ លោក វ៉ែនស៍ ក៏បានជួបជាមួយតំណាង នៃក្រុមប្រឆាំងនឹងរបបសឹកភូមាផងដែរ។

អាជ្ញាធររបបយោធាភូមា បង្ក្រាបក្រុមបាតុករ
អាជ្ញាធររបបយោធាភូមា បង្ក្រាបក្រុមបាតុករ

ទោះជាយ៉ាងណា សញ្ញានៃការផ្លាស់ប្ដូរគោលនយោបាយសហរដ្ឋអាម៉េរិក ចំពោះប្រទេសភូមា ចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៥ ពោលគឺចំពេលសង្គ្រាមពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងឡើងដល់កម្រិតកំពូល។ ប៉ុន្ដែនៅពេលនោះ លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង រួមជាមួយមេដឹកនាំផ្សេងៗទៀត នៅក្នុងតំបន់អាស៊ាន បានទទួលលិខិតផ្ទាល់ខ្លួន ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក ដោយបានជម្រាបជូនថា សេដ្ឋកិច្ចប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលកំពុងដួលរលំស្រាប់ហើយនោះ នឹងត្រូវរងផលប៉ះពាល់បន្ថែមទៀត ដោយសារការដាក់ពន្ធគយ នៅក្នុងអត្រា៤០ភាគរយ។ បណ្តាប្រទេសផ្សេងៗទៀត មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការដាក់ពន្ធលើពាណិជ្ជកម្មដ៏សំខាន់របស់ពួកគេ ជាមួយប្រទេសដែលពួកគេធ្លាប់ចាត់ទុកថា ជាមិត្ត ឬជាសម្ព័ន្ធមិត្ត។

ដោយឡែក លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង វិញ បែរជាមានក្ដីរីករាយយ៉ាងខ្លាំង ដោយគាត់បានឆ្លើយតបភ្លាមៗ ជាមួយនឹងការបង្ហាញពី«ការកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះការអញ្ជើញដ៏គួរឱ្យលើកទឹកចិត្តនេះ ដើម្បីបន្តចូលរួមក្នុងសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាម៉េរិក ដែលជាទីផ្សារលេខមួយ នៅលើពិភពលោក»។ ដោយឡែក ការពឹងផ្អែករបស់សហរដ្ឋអាម៉េរិក លើធនធានរ៉ែកម្រ (rare earths) មកពីប្រទេសចិន ត្រូវបានលាតត្រដាង ខណៈរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានរារាំងការនាំចេញធនធានទាំងនេះ ដើម្បីជាការសងសឹក ចំពោះការដំឡើងពន្ធរបស់លោក ត្រាំ កាលពីខែមេសា។ សហរដ្ឋអាម៉េរិក ក្រោមរដ្ឋការរបស់លោក ត្រាំ បានចាប់ផ្តើមផ្តល់អាទិភាពលើការស្វែងរកប្រភពផ្គត់ផ្គង់រ៉ែកម្រ ផ្សេងពីប្រទេសចិន មកជំនួសវិញ។ រីឯប្រទេសភូមា មានធនធានរ៉ែកម្រនេះ នៅក្នុងបរិមាណដ៏ច្រើនផងដែរ។

សកម្មភាពធ្វើអាជីវកម្មរ៉ែកម្រ នៅមីយ៉ាន់ម៉ា
សកម្មភាពធ្វើអាជីវកម្មរ៉ែកម្រ នៅមីយ៉ាន់ម៉ា

បច្ចុប្បន្ន មេដឹកនាំភូមា កំពុងទាញយកផលប្រយោជន៍ដ៏មានសារសំខាន់នៃរ៉ែកម្រនេះ សម្រាប់តែការប្រើប្រាស់របស់ប្រទេសចិនប៉ុណ្ណោះ។ ក្នុងពេលដំណាលគ្នា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានចេញការណែនាំថ្មីមួយទៅកាន់ស្ថានទូតអាម៉េរិក ជុំវិញពិភពលោក អំពីអ្វីដែលគួរនិយាយ ទាក់ទងនឹងការបោះឆ្នោត។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ «សារនានា គួរតែចៀសវាងការបញ្ចេញមតិលើភាពត្រឹមត្រូវ ឬសុចរិតភាព នៃដំណើរការបោះឆ្នោត ភាពស្របច្បាប់ នៃការបោះឆ្នោត ឬគុណតម្លៃប្រជាធិបតេយ្យ នៃប្រទេសនោះ [សំដៅលើភូមា]»។ ដូច្នេះ នៅពេលប្រទេសភូមា រៀបចំការបោះឆ្នោតសកលមួយ ដែលរងការរិះគន់យ៉ាងខ្លាំង កាលពីខែធ្នូ និងខែមករា ដែលអនុញ្ញាតឱ្យលោក មីន អ៊ុងឡាំង ប្ដូរតួនាទីពីមេដឹកនាំរដ្ឋប្រហារ ទៅជាប្រធានាធិបតី ហើយត្រូវបានគេចាត់ទុកជា រដ្ឋាភិបាលស៊ីវិល។

ទោះបីវាជាគ្រាន់តែជាការលើកឡើង នៅក្នុងន័យផ្លូវការយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិក មិនបានថ្កោលទោសចំពោះការបោះឆ្នោតនេះ ថា«មិនសេរី និងមិនត្រឹមត្រូវ» ដូចអ្វីដែលរដ្ឋាភិបាលបស្ចិមលោក លើកឡើងនោះឡើយ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហរដ្ឋអាម៉េរិក តែងវាយតម្លៃលើការបោះឆ្នោត នៅក្នុងប្រទេសដទៃ។ ប៉ុន្តែលើកនេះ សហរដ្ឋអាម៉េរិក បែរជាមិនបាននិយាយអ្វីសោះ។ ការសម្រេចចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងការដកទណ្ឌកម្មលើបុគ្គលមួយចំនួន ស្ថិតក្នុងបញ្ជីគោលដៅរបស់រដ្ឋការលោកប្រធានាធិបតីមុន ចូ បៃឌិន ហាក់ដូចជាបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីទិសដៅថ្មី នៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ចំពោះប្រទេសភូមា៕

សកម្មភាពក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើរ៉ែកម្រ នៅមីយ៉ាន់ម៉ា
សកម្មភាពក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើរ៉ែកម្រ នៅមីយ៉ាន់ម៉ា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត