
រាជធានីភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យប្រធានមន្ទីរ និងមន្រ្តីជំនាញប្រញាប់ចុះទៅពិនិត្យវាយតម្លៃ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់ ដើម្បីអាចជួសជុល និងស្ដារឡើងវិញបន្ទាន់...។

រដ្ឋមន្រ្តីធនធានទឹក បញ្ជាក់កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ថា គ្រោះជំនន់ទឹកភ្លៀងកន្លងមក ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រជាច្រើនកន្លែង ទទួលរងការខូចខាតជាខ្លាំង ជាពិសេស ទំនប់ និងប្រឡាយទឹកមួយចំនួន បណ្ដាលឱ្យមានការបាត់បង់ទឹក និងប៉ះពាល់ដល់ការគ្រប់គ្រង និងការប្រើប្រាស់ទឹកសម្រាប់បម្រើឱ្យការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងរដូវប្រាំងខាងមុខ។ ដើម្បីដោះស្រាយបញ្ហាខាងលើ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការក្នុងការថែរក្សា និងការពារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ដ្រឱ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់។

លោកក៏បានណែនាំឱ្យប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមទីតាំងដែលរងការខូចខាត ដើម្បីវាយតម្លៃ និងរៀបចំផែនការថែទាំ ជួសជុល និងស្តារឡើងវិញបន្ទាន់ ឱ្យបានទាន់ពេលវេលា។ លោក ថោ ជេដ្ឋា ចាត់ទុកការថែទាំ និងជួសជុលប្រព័ន្ធធារាសាស្ដ្រជាកិច្ចការអាទិភាព ដើម្បីកាត់បន្ថយការបាត់បង់ទឹក ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹក ព្រមទាំងត្រៀមលក្ខណៈ ឱ្យបានល្អសម្រាប់ការប្រើប្រាស់ទឹកលើគ្រប់វិស័យ ក្នុងរដូវប្រាំងខាងមុខ។ សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហាររាជធានី-ខេត្ត មិនក្រោម១០នោះទេ ដែលបានប៉ះពាល់ទ្រព្យសម្បត្តិ ផលដំណាំពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាស្ត្រជាច្រើនកន្លែង៕





