ចុងរដូវវស្សា បរិមាណទឹកភ្លៀងថយចុះ ក្រសួងណែនាំឱ្យពលរដ្ឋរក្សាទឹកទុក ត្រៀមបង្ការខ្វះខាតក្នុងរដូវប្រាំង
S
Soriya Sou
17 មិថុនា 2026 11:45 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បាននាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ រក្សាទឹកទុកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង។ ក្រសួងណែនាំដូច្នេះ ក្រោយព្យាករអាកាសធាតុឃើញថា បាតុភូតអែលនីញ៉ូ (El Niño) បានបន្តកើនដល់កម្រិត១០០ភាគរយ ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦

ក្រសួងធនធានទឹក អះអាងថា កូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦។ សីតុណ្ហភាពមធ្យមអប្បបរមា២៦អង្សាសេ និងអតិបរមា៣៧អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥។ នៅពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀង នៅខែកក្កដា ដល់ខែសីហា ទឹកភ្លៀងមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ខណៈបរិមាណទឹកភ្លៀងមានពីបង្ហូរទៅច្រើន។

ចំណែកចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ នៅខែកញ្ញា ដល់ខែតុលា បរិមាណទឹកភ្លៀងទាបជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងពីច្រើនទៅមធ្យម។ បើតាមក្រសួងធនធានទឹក ជារួម ចាប់ពីពាក់កណ្តាលរដូវស្សាហូតបញ្ចប់រដូវស្សា បរិមាណទឹកភ្លៀងប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥។

បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ប៉ុន្តែនៅចុងរដូវវស្សាបរិមាណទឹកភ្លៀងថយចុះ ហើយរដូវវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា។ យោងលើការព្យាករអាកាសធាតុខាងលើ ក្រសួងធនធានទឹក បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅ ក្នុងឆ្នាំ២០២៦ និងត្រូវចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត