
រាជធានីភ្នំពេញ៖ ស្ថានភាពភ្លៀងធ្លាក់នៅទូទាំងប្រទេសកម្ពុជា នឹងថមថយទៅវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីរដូវវស្សាឆ្នាំ២០២៥ត្រូវបញ្ចប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ តុលា ឆ្នាំ២០២៥…។

ក្រសួងធនធានទឹក ព្យាករដោយយោងទៅតាមស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ ឃើញថា ការទទួលរងរបបខ្យល់មូសុងនិរតីរបស់កម្ពុជានឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃវិច្ឆិកាខាងមុខ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រទេសកម្ពុជា ប្រែប្រួលមកទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្ដងវិញម្ដង ដែលជំរុញឱ្យបរិមាណទឹកភ្លៀងធ្លាក់ទូទាំងប្រទេសថយចុះជាអតិបរមា។

ដោយយោងទៅតាមការព្យាករ ឃើញស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពទាំងនោះ ក្រសួងអំពាវនាវដល់សាធារណជន ចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុក និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ។ ទន្ទឹមគ្នានោះ ក្រសួងប្រាប់ដល់គ្រប់បណ្តាអង្គភាព និងមន្ទីររាជធានី-ខេត្ត ដែលស្ថិតនៅក្រោមឱវាទ ត្រៀមវិធានការថែរក្សា និងខ្ទប់ទឹកទុកឱ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗ ហើយត្រូវមានវិធានការបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់៕



