បាតុភូតអែលនីញ៉ូមានឥទ្ធិពល«១០០ភាគរយ»លើកម្ពុជារហូតដល់ដើមឆ្នាំ២០២៧, ក្រសួងជំនាញជំរុញឱ្យនាំគ្នារក្សាទឹកទុក
អ
អុន សម្ផស្ស
•
19 តុលា 2026 10:30 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បន្តជំរុញឱ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់រក្សាប្រភពទឹកនៅតាមអាងទឹក បឹងបួ និងរៀបចំផែនការប្រើប្រាស់ទឹកឱ្យបានសមស្រប ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងការងារកសិកម្មក្នុងរដូវប្រាំងខាងមុខ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពអាកាសធាតុ បានបង្ហាញថា រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងបន្តមានឥទ្ធិពលក្នុងកម្រិត១០០ភាគរយ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ក្រសួងបញ្ជាក់ថា ការបញ្ចប់ឥទ្ធិពលខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន អាចធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតខ្សោយ។ ទន្ទឹមនឹងនេះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត ក៏អាចកើតមាននៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

ក្រសួង បានណែនាំឱ្យមន្ទីរធនធានទឹករាជធានី-ខេត្ត បន្តថែរក្សាប្រភពទឹកនៅតាមអាងទឹក និងបឹងបួឱ្យបានល្អ ព្រមទាំងពិនិត្យ វាយតម្លៃសក្តានុពលទឹកដែលមានស្រាប់ ដើម្បីរៀបចំផែនការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព។ ផែនការប្រើប្រាស់ទឹកត្រូវផ្តោតលើអាទិភាពសំខាន់ចំនួនពីរ គឺការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាអាទិភាពទីមួយ និងការប្រើប្រាស់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវរដូវប្រាំង ព្រមទាំងដំណាំរួមផ្សំ ជាអាទិភាពបន្ទាប់។ ជាមួយគ្នា ក្រសួងអំពាវនាវដល់ភាគីពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ បន្តសហការក្នុងការរក្សាប្រភពទឹកសម្រាប់រដូវប្រាំងខាងមុខ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ មានការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត