
ក្រុងច្បារមន៖ កំពុងដំណើរការសាងសង់យ៉ាងសកម្ម គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រំពឹងថា នឹងក្លាយជាប្រភពទឹកដ៏សំខាន់សម្រាប់ធានាសន្តិសុខទឹក បម្រើវិស័យកសិកម្ម ជីវភាពរស់នៅប្រជាពលរដ្ឋ និងកាត់បន្ថគ្រោះរាំងស្ងួត ព្រមទាំងហានិភ័យទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ កណ្តាល តាកែវ និងរាជធានីភ្នំពេញ...។

ក្រសួងធនធានទឹកប្រកាសនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀចសម្រេចបានប្រមាណ២០ភាគរយ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រសួងធនធានទឹកផ្ទាល់ក្នុងគោលបំណងបង្កើតអាងស្តុកទឹកធម្មជាតិ ដ៏មានសារសំខាន់មួយ សម្រាប់រក្សាទុកទឹក និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកនៅរដូវប្រាំង ព្រមទាំងជួយកាត់បន្ថយជំនន់ទឹកនៅក្នុងអាងស្ទឹងព្រែកត្នោត។ ក្រសួងបញ្ជាក់ថា ក្រោយពេលបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងនេះ នឹងមានសមត្ថភាពស្តុកទឹកបានប្រមាណ១១៥លានម៉ែត្រគូប ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន៥០០០ហិកតា។ លើសពីនេះ គម្រោងក៏នឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គាំទ្រដល់សកម្មភាពឧស្សាហកម្ម និងជួយកាត់បន្ថយហានិភ័យទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងខេត្តកំពង់ស្ពឺបានផងដែរ។

តាមផែនការ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ត្រូវប្រើពេល៣៦ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែធ្នូ ឆ្នាំ២០២៨។ ទីតាំងគម្រោង ស្ថិតនៅភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ៨២គីឡូម៉ែត្រពីក្រុងច្បារមន។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន៖ ទំនប់មេ១, ទំនប់បង្ហៀរ១, ទ្វារទឹក១, អគារគ្រប់គ្រងទំនប់១, ផ្លូវចូលគម្រោងប្រវែង១៣គីឡូម៉ែត្រ និងសំណង់លូរំដោះទឹកមួយចំនួនទៀត៕






