កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលគ្រូស២ប្រភេទ ចេញពីនាវាមុជទឹកបង្អួតសាច់ដុំយោធា
N
Nary Vann
•
17 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានប្រកាស​នៅពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២៦ នេះថា ខ្លួនបានបាញ់សាកល្បង«មីស៊ីលគ្រូសពីរប្រភេទ ចេញពីនាវាមុជទឹក» ចូលទៅក្នុងសមុទ្ទខាងកើត ដែលជាការបង្ហាញសាច់ដុំយោធាយ៉ាងក្ដៅគគុក បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជុំវិញការផ្ទុះគ្រាប់មីននៅព្រំដែនផ្ទះបងប្អូនរួមផ្ទៃ...។

ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ការបាញ់សាកល្បងចូលទៅក្នុងសមុទ្ទខាងកើតលើកនេះ ដើម្បីត្រួតពិនិត្យ និងសាកល្បងសមត្ថភាពប្រយុទ្ធរបស់ប្រព័ន្ធអាវុធក្រោមទឹក ព្រមទាំងធ្វើលំហាត់ហ្វឹកហ្វឺនកងទ័ពជើងទឹក ដោយបានបង្ហាញពីភាពជឿជាក់ខ្ពស់ និងសមត្ថភាពពិតប្រាកដនៃអាវុធរារាំងសង្គ្រាមរបស់កូរ៉េខាងជើង។ KCNA បានផ្សព្វផ្សាយរូបភាពផ្លូវការដែលបានបង្ហាញពីសកម្មភាពមីស៊ីល បាញ់ទម្លុះផ្ទៃទឹកឡើងលើ ក្នុងមុំបញ្ឈរ៩០ដឺក្រេ និងមុំ៤៥ដឺក្រេ។ អ្នកជំនាញយោធា បានព្រមានថា ការបាញ់មីស៊ីលចេញពីក្រោមទឹកក្នុងមុំខុសៗគ្នានេះ គឺជាយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុត ព្រោះវាធ្វើឱ្យមីស៊ីលហោះក្នុងកម្រិតទាប អាចគេចផុតពីប្រព័ន្ធរ៉ាដាស្កែន និងប្រព័ន្ធការពារមីស៊ីលរបស់សត្រូវ បានយ៉ាងងាយស្រួល។ 

ប្រសិនបើកូរ៉េខាងជើង អាចអភិវឌ្ឍសមត្ថភាពបាញ់មីស៊ីលចេញពីនាវាមុជទឹកបានពេញលេញ នោះអាវុធរបស់រដ្ឋធានីព្យុងយ៉ាងនឹងឈានដល់កម្រិតគ្រោះថ្នាក់ថ្មីមួយទៀត ព្រោះវាអនុញ្ញាតឱ្យពួកគេអាចដាក់ពង្រាយកងកម្លាំងវាយប្រហារបានឆ្ងាយហួសពីឧបទ្វីបកូរ៉េ និងអាចវាយបកវិញបានភ្លាមៗ ប្រសិនបើពួកគេរងការវាយប្រហារមុន។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីសេអ៊ូល បានធ្លាក់ចុះយ៉ាងដុនដាប បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់គ្មានយោធា កាលពីខែមុន បានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់រងរបួស។ ចាប់តាំងពីពេលនោះមក កូរ៉េទាំងពីរ បានបើកការបាញ់សាកល្បងមីស៊ីលឌឺដងគ្នា ចាប់ពីដើមខែតុលាមក ដោយកូរ៉េខាងត្បូង ទើបតែបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងផ្ទាល់ខ្លួន កាលពីសប្តាហ៍មុន ដើម្បីឆ្លើយតបនឹងកូរ៉េខាងជើង ដែលបានប្រកាសបាញ់មីស៊ីលល្បឿនលឿនបំពាក់បច្ចេកវិទ្យា AI ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត