
រដ្ឋធានីសេអ៊ូល៖ ម្ចាស់ក្រុមហ៊ុនផលិតកម្មជនជាតិកូរ៉េខាងត្បូងម្នាក់ រងការត្រូវចោទប្រកាន់ពីបទបង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងរលើកម្មករអន្តោប្រវេសន៍ ដោយសារការបាញ់ខ្យល់សម្ពាធខ្ពស់ ចេញពីកាំភ្លើងខ្យល់ឧស្សាហកម្មចូលទៅក្នុងរាងកាយកម្មករថៃ តាមរន្ធគូទ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ...។

កាលពីថ្ងៃព្រហស្បតិ៍ទី១៥តុលា ចៅក្រម គូ ណាយ៉ាំង (Koo Na-young) នៃតុលាការខេត្តស៊ូវ៉ុន (Suwon) បានផ្ដន្ទាទោសម្ចាស់ក្រុមហ៊ុនសម្អាតលោហៈធាតុ ដែលមានវ័យជាង៦០ឆ្នាំម្នាក់ (ត្រូវបានស្គាល់អត្តសញ្ញាណថា ជាលោក A) ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទបង្ករបួសស្នាមក្នុងស្ថានទម្ងន់ទោស និងការរំលោភលើច្បាប់ស្ដង់ដារពលកម្ម។ លោក A ជាថៅកែ ដែលត្រូវបានចោទប្រកាន់ពីបទយកក្បាលបាញ់នៃកាំភ្លើងខ្យល់ឧស្សាហកម្ម ទៅផ្អឹបនឹងតំបន់រន្ធគូទរបស់បុរសជនជាតិថៃ អាយុជាង៤០ឆ្នាំម្នាក់ ហើយបានបាញ់ខ្យល់សម្ពាធខ្ពស់បញ្ចូលទៅក្នុងខ្លួនកម្មរូបនោះប្រហែល៧វិនាទី នៅឯរោងចក្ររបស់លោក ក្នុងក្រុងហ្វាស៊ឹង (Hwaseong) ខេត្តឃ្យុងជី (Gyeonggi) កាលពីថ្ងៃទី២០ ខែកុម្ភៈ។

កម្មករថៃរូបនោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងការធ្លាយពោះវៀនធំប្រវែងជាង១០សង់ទីម៉ែត្រ និងបានឆ្លងកាត់ការវះកាត់យ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា កាំភ្លើងខ្យល់ឧស្សាហកម្ម (ឬហៅថា កាំភ្លើងបាញ់ខ្យល់) គឺជាឧបករណ៍កាន់នឹងដៃ ដែលតភ្ជាប់ទៅនឹងប្រព័ន្ធខ្យល់ហាប់ ដើម្បីបញ្ចេញចរន្តខ្យល់ខ្លាំង សម្រាប់ប្រើប្រាស់ក្នុងភារកិច្ចសម្អាត និងសម្ងួតវត្ថុប្រើប្រាស់ផ្សេងៗ៕




