របបយោធាភូមា ទម្លាក់គ្រាប់បែកលើជនស៊ីវិល ក្រោមប្រតិបត្ដិការសឹកបម្រើសន្ដិភាព
S
Sinuon Nop
•
9 ម៉ោងមុន

រដ្ឋធានីណៃពិដោរ៖ របបយោធាភូមា ឬមីយ៉ាន់ម៉ា បានបន្តវាយប្រហារតាមផ្លូវអាកាស នៅក្នុងតំបន់ និងរដ្ឋចំនួនប្រាំ កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច២៤នាក់ ជាមួយនឹងការអះអាងថា សកម្មភាពវាយប្រហារតាមផ្លូវអាកាសរបស់ពួកគេ គឺជាផ្នែកមួយនៃប្រតិបត្ដិការ សម្រាប់គំនិតផ្តួចផ្តើមដើម្បីសន្តិភាព។ នេះបើយោងតាមសារព័ត៌មានរបស់ភូមា The Irrawaddy (ឌឺ អ៊ីរ៉ាវ៉ាឌី) ចេញផ្សាយ នៅរសៀលថ្ងៃអង្គារទី២០ ខែតុលា...។

មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោក មីន អ៊ោង ហ្លាំង
មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា លោក មីន អ៊ោង ហ្លាំង

ឆ្លើយតបទៅនឹងក្ដីកង្វល់អំពីមនុស្សធម៌ ដែលបានលើកឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ជុំវិញការកំណត់គោលដៅវាយប្រហារលើជនស៊ីវិល លោកឧត្តមសេនីយ៍ឯក យ៉ា ព្យេ (Yar Pyae) រដ្ឋមន្ត្រីក្រសួងការពារជាតិភូមា ទើបនឹងតែងតាំងថ្មី និងជាប្រធានគណៈកម្មាធិការចរចាសន្តិភាព និងសាមគ្គីភាពជាតិ (NSPNC) បានអះអាងថា ប្រតិបត្តិការយោធាបច្ចុប្បន្ន សំដៅលើការទម្លាក់គ្រាប់បែកលើជនស៊ីវិលនៅក្នុងតំបន់នានា ដែលគ្រប់គ្រងដោយកងកម្លាំងចលនាតស៊ូ នៅក្នុងគោលបំណងស្វែងរកសន្តិភាព។

រដ្ឋមន្រ្ដីក្រសួងការពារជាតិភូមា លើកឡើងបែបនេះ នៅឯពិធីបិទព្រឹត្ដិការណ៍ខួបលើកទី១១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ទូទាំងប្រទេស (NCA) នៅក្នុងរដ្ឋធានីណៃពិដោរ (Naypyitaw)។ ក្នុងព្រឹត្ដិការណ៍នោះ របបយោធាភូមា ក៏បានអំពាវនាវជាថ្មីដល់អង្គការប្រដាប់អាវុធជនជាតិភាគតិចនានា (Ethnic armed organizations) ហៅកាត់ EAOs ចូលរួមតាមអ្វីដែលពួកគេហៅថា«ជាការចរចាសន្តិភាព» ព្រមទាំងជំរុញឱ្យកងកម្លាំងការពារប្រជាជន (PDF) ដែលជាស្លាបប្រដាប់អាវុធ នៃរដ្ឋាភិបាលរួបរួមជាតិ (NUG) ឬរដ្ឋាភិបាលស្រមោលចុះចាញ់។ បើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា របបយោធា បានទម្លាក់គ្រាប់បែកលើគោលដៅស៊ីវិល នៅក្នុងតំបន់ម៉ាគវេ (Magwe) សាហ្គាយ (Sagaing) និងម៉ាន់ដាឡាយ (Mandalay) ព្រមទាំងរដ្ឋរ៉ាឃីន (Rakhine) និងរដ្ឋឈីន (Chin) ដោយបានបណ្ដាលឱ្យមនុស្ស យ៉ាងហោចណាស់ចំនួន២៧នាក់បាត់បង់ជីវិត និង១១នាក់ផ្សេងទៀតរងរបួស។

រដ្ឋាភិបាលរួបរួមជាតិ ឬរដ្ឋាភិបាលស្រមោល ដែលបានបង្កើតឡើងក្រោយអំពើរដ្ឋប្រហារយោធា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា យន្ដហោះរបស់របបយោធោភូមា បានទម្លាក់គ្រាប់បែកពីលើអាកាស លើហាង WiFi មួយកន្លែងដែលប្រើប្រាស់ប្រព័ន្ធ Starlink នៅភូមិធីតហ្គីយីតាវ (Thitgyitaw) ទីក្រុងយេសាក្យូ (Yesagyo) តំបន់ម៉ាគវេ (Magwe)។ ការវាយប្រហារទៅលើហាងនោះ ដែលប្រជាពលរដ្ឋក្នុងតំបន់ពឹងអាស្រ័យ ដើម្បីគេចឱ្យផុតពីការរឹតត្បិតរបស់របបគ្រប់គ្រងយោធាភូមា និងដើម្បីអាចប្រើប្រាស់ប្រព័ន្ធអ៊ិនធើរណេតបាននោះ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន១២នាក់ស្លាប់ ក្នុងនោះមានកុមារ២នាក់ ពោលគឺម្នាក់អាយុ១ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ ហើយ២នាក់ទៀតបានរងរបួស។

រដ្ឋាភិបាលស្រមោលភូមា បានបន្ដថា ប្រតិបត្ដិការវាយប្រហារតាមផ្លូវអាកាសនេះ គឺរបបបយោធាភូមា បានប្រើប្រាស់យន្ដហោះចម្បាំងចំនួន២គ្រឿង និងឧទ្ធម្ភាគចក្រវាយប្រហារ ប្រភេទ Mi-35 ផលិតដោយរុស្ស៊ីចំនួន២គ្រឿង និងដ្រូនចំនួន២គ្រឿង ចាប់ពីថ្ងៃសុក្រទី១៦ ខែតុលារហូតមក ខណៈនៅថ្ងៃអាទិត្យ ពួកយោធាភូមា បានប្រើប្រាស់យន្ដហោះ Y-12 ទម្លាក់គ្រាប់បែកលើតំបន់គ្រប់គ្រងដោយកងទ័ពការ៉ែន (Karen Army) ហៅកាត់ AA ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត