
រដ្ឋធានីណៃពិដោរ៖ រដ្ឋាភិបាលគាំទ្រដោយយោធាភូមា បានបញ្ចេញរូបថតដ៏កម្រមួយរបស់អតីតមេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញបំផុតរបស់ភូមា លោកស្រី អ៊ុង សាន ស៊ូជី (အောင်ဆန်းစုကြည်) ដែលកំពុងជាប់ឃុំឃាំង បន្ទាប់ពីមន្ត្រីបានប្រគល់សៀវភៅ២ក្បាល និងលិខិតបិទជិតមួយច្បាប់ ត្រូវបានប្រទានដោយព្រះមហាក្សត្រ ឆាលស៍ ទី៣ (King Charles III) នៃចក្រភពព្រីតថែន ដែលមនុស្សភាគច្រើនបំផុត ស្គាល់ថា «ចក្រភពអង់គ្លេស» និងជាព្រះមហាក្សត្រនៃប្រទេសសមានរដ្ឋ ចំនួន១៤ផ្សេងទៀត។

សារព័ត៌មានរបស់ភូមា The Irrawaddy (ឌឺ អ៊ីរ៉ាវ៉ាដឌី) បានចេញផ្សាយនៅព្រឹកថ្ងៃអង្គារទី២០ ខែតុលានេះថា អាជ្ញាធរភូមា បញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី បានទទួលកញ្ចប់ព្រះរាជអំណោយមួយ ពីព្រះមហាក្សត្រ ឆាលស៍ ទី៣ កាលពីថ្ងៃចន្ទ ដោយបានបញ្ចេញរូបថតជាលើកដំបូងរបស់ម្ចាស់ណូប៊ែលសន្ដិភាព ដែលកំពុងជាប់ឃុំឃាំង ដោយបានពណ៌នាអំពីលោកស្រី ថា ជា«អ្នកទោសស្រីពិសេស»ម្នាក់។ នេះជាលើកដំបូងដែលអាជ្ញាធរភូមា ប្រើប្រាស់ពាក្យពេចន៍ ដើម្បីរៀបរាប់អំពីលោកស្រី អ៊ុង សានស៊ូជី ដែលត្រូវបានបណ្ដេញចេញពីអំណាច នៅក្នុងអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ សកម្មភាពរបស់ពួកឧត្ដមសេនីយ៍យោធាភូមា បាននាំឱ្យផ្ទុះការតវ៉ា នៅពាសពេញប្រទេស និងការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ពីរបបយោធា រហូតរុញច្រានប្រទេសក្នុងតំបន់អាស៊ានមួយនេះ ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ដោយបានសម្លាប់មនុស្សយ៉ាងតិច ១០០ ០០០នាក់។

បើតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យសារព័ត៌មាន និងព័ត៌មាននៃប្រធានាធិបតីភូមា បានឱ្យដឹងថា ការប្រគល់សៀវភៅទាំងនេះ ធ្វើឡើងកាលពីថ្ងៃចន្ទទី១៩ ខែតុលា នៅរដ្ឋធានីណៃពិដោរ។ ស្ត្រីអ្នកនាំពាក្យប្រធានាធិបតីភូមា បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកស្រី ថា មន្ត្រីក្រសួងកិច្ចការមាតុភូមិ (ក្រសួងមហាផ្ទៃ) បានជួបលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃចន្ទ ដើម្បីប្រគល់សៀវភៅ ចំនួន២ក្បាល ដែលបាននិយាយអំពីដីព្រមទាំង«ស្រោមសំបុត្រមួយដែលបានបិទជិត និងលិខិតផ្លូវការផ្នែកការទូតមួយ ដែលបានបិទជិត ព្រះរាជទានដោយព្រះមហាក្សត្រ ឆាលស៍ ទី៣ (King Charles III) ជូនចំពោះស្ត្រី ដែលកំពុងត្រូវបានឃុំឃាំង ជាពិសេសរូបនេះ»។

ចក្រភពព្រីតថែន ជាអតីតមហាអំណាចអាណានិគមលើប្រទេសភូមា និងព្រះមហាក្សត្រ អង្គនេះ មានភាពល្បីល្បាញខ្លាំង លើការចាប់អារម្មណ៍ទៅលើកិច្ចការថែរក្សាឧទ្យាន និងបរិស្ថាន។ លោកស្រី អ៊ុង សានស៊ូជី នៅតែបន្ដជាប់ឃុំឃាំង ក្រោមការចោទប្រកាន់ជាច្រើនករណី តាមអ្វីដែលក្រុមសិទ្ធិមនុស្ស បានអះអាង អំពីការវិលត្រឡប់ទៅគ្រប់គ្រងអំណាច ដោយយោធា តាមប្រវត្ដិសាស្ត្រគ្រប់គ្រងអំណាច នៅភូមា ឬមីយ៉ាន់ម៉ា ចាប់តាំងពីទទួលបានឯករាជភាពរហូតមក។ ដោយឡែក លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធា ដែលបច្ចុប្បន្ន ជាប្រធានាធិបតីភូមា បានផ្ដល់បទសម្ភាសដល់ទស្សនាវដ្ដីថា៖«បច្ចុប្បន្ន ខ្ញុំមានការបន្ធូរបន្ថយ និងយោគយល់ច្រើនដល់លោកស្រី អ៊ុង សានស៊ូជី»៕





