យកដីថៃធ្វើជាសម្បុកយ៉ាងងាយស្រួល! ក្រុមឧក្រិដ្ឋជនបរទេស បន្លំខ្លួនធ្វើជាព្រះរាជអាជ្ញា បោកលុយរាប់លានដុល្លារពីជនរងគ្រោះ
Mao Sopha
•
12 ម៉ោងមុន

រាជធានីបាងកក៖ មួយរយៈចុងក្រោយនេះ សារព័ត៌មានថៃ ចុះផ្សាយស្ទើរមិនដាច់ ពីការបង្ក្រាបសម្បុកឆបោកតាមអនឡាញមួយករណីហើយ មួយករណីទៀត ជាបន្តបន្ទាប់មិនចេះអស់ក្នុងប្រទេសរបស់ខ្លួន។ ពេលនេះ មានករណីធំមួយទៀតហើយ ដែលកំពុងបង្កការភ្ញាក់ផ្អើលពេញពិភពលោក...។

អាជ្ញាធរថៃ បានចាប់ជនសង្ស័យចំនួន១០នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងត្បូង៨នាក់ និងជនជាតិចិន២នាក់ ពាក់ព័ន្ធនឹងការបង្កើតបណ្តាញបោកប្រាស់លុយពីជនរងគ្រោះនៅប្រទេសកូរ៉េខាងត្បូង។ សម្បុកឆបោកដ៏ធំមួយនេះ ស្ថិតនៅចំកណ្តាលរាជធានីបាងកកតែម្ដង​ ហើយត្រូវបានបង្ក្រាប កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ សារព័ត៌មាន The Nation របស់ថៃ ចុះផ្សាយនៅថ្ងៃទី២០ ខែតុលានេះថា កងកម្លាំងផ្នែកអន្តោប្រវេសន៍ថៃ បានសហការជាមួយប៉ូលិសកូរ៉េខាងត្បូង ចុះត្រួតពិនិត្យទីតាំងចំនួន៣កន្លែង ក្នុងរាជធានីបាងកក និងចាប់ខ្លួនជនសង្ស័យ១០នាក់។ ប៉ូលិសសង្ស័យថា បណ្តាញនេះ បានបោកប្រាស់ជនរងគ្រោះឱ្យបាត់បង់ប្រាក់រាប់រយលានបាត ឬរាប់លានដុល្លារអាម៉េរិក។

តាមការស៊ើបអង្កេតបឋម ជនជាតិចិនទាំង២នាក់ ត្រូវបានសង្ស័យថា ជាអ្នកដឹកនាំ និងបណ្ដុះបណ្ដាលសមាជិកជនជាតិកូរ៉េខាងត្បូង ឱ្យធ្វើសកម្មភាពឆបោកតាមទូរសព្ទ។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះ គឺក្រុមនេះ ហ៊ានក្លែងខ្លួនធ្វើជាព្រះរាជអាជ្ញាជាន់ខ្ពស់ ហើយគំរាមជនរងគ្រោះ និងប្រើប្រាស់ដីកាចាប់ខ្លួនក្លែងក្លាយ ព្រមទាំងប្រើឯកសារក្លែងបន្លំ ដើម្បីបំភ័យឱ្យជនរងគ្រោះជឿថា ពួកគេកំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់។ ក្រៅពីនេះ ក្រុមបណ្តាញឆបោក បានប្រើវិធីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ដើម្បីបញ្ឆោតជនរងគ្រោះឱ្យចុចតំណភ្ជាប់ ឬ Links ដែលមានគោលបំណងលួចយកប្រាក់ ឬព័ត៌មានអំពីហិរញ្ញវត្ថុ។ ក្នុងប្រតិបត្តិការតរួតពិនិត្យ ប៉ូលិសបានរឹបអូសកុំព្យូទ័រ និងទូរសព្ទដៃមួយចំនួន យកទៅធ្វើជាភស្តុតាងសម្រាប់ការស៊ើបអង្កេតបន្ថែម។ អាជ្ញាធរ រកឃើញថា ក្រុមនេះ បានជួលផ្ទះប្រណីតក្នុងខណ្ឌសៃមៃ (Sai Mai) រាជធានីបាងកក ក្នុងតម្លៃ១៥ម៉ឺនបាត ឬ៤,៦ពាន់ដុល្លារក្នុង១ខែ ដើម្បីប្រើប្រាស់ជាមូលដ្ឋានប្រតិបត្តិការឆបោក។

អាជ្ញាធរថៃ បានដកហូតទិដ្ឋាការរបស់ជនសង្ស័យទាំង១០នាក់ និងបន្តឃុំខ្លួនពួកគេ ដើម្បីស៊ើបអង្កេត។ ប៉ូលិសថៃ កំពុងសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង ដើម្បីតាមដានប្រតិបត្តិការហិរញ្ញវត្ថុរបស់ជនសង្ស័យទាំងនោះ។ ការស៊ើបអង្កេតលើករណីឆបោកដ៏ធំមួយនេះ ចាប់ផ្តើមឡើង បន្ទាប់ពីអាជ្ញាធរថៃចាប់ខ្លួនបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ឈ្មោះ លីម យ៉ុងគីល (Lim Yongkil) កាលពីខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការស្នាក់នៅក្នុងប្រទេសថៃ លើសរយៈពេលកំណត់នៃទិដ្ឋាការ។ តាមពិត បុរសម្នាក់នោះ ត្រូវបានប៉ូលិសកូរ៉េខាងត្បូង តាមចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឆបោកផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត