
ស៊ូដង់៖ របាយការណ៍បឋម! មនុស្សយ៉ាងតិច៧៣នាក់ បាត់បង់ជីវិតភ្លាមៗ និង១៩នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីដ្រូនបានហោះទៅវាយប្រហារផ្សារ១កន្លែង ក្នុងតំបន់អាប៊ីយ៉េ (Abyei) ដែលកំពុងមានជម្លោះរវាងប្រទេស២ ធ្លាប់ជាប់សាច់ឈាមជាមួយគ្នា គឺស៊ូដង់ និងស៊ូដង់ខាងត្បូង។

សារព័ត៌មាន Reuters ចុះផ្សាយដោយដកស្រង់សម្តី លោក យ៉ូហាណា អាកុល ង័រ (Yohana Akol Ngor) រដ្ឋមន្ត្រីព័ត៌មានស្តីទីនៃតំបន់អាប៊ីយ៉េ ថា កងទ័ពស៊ូដង់ ជាអ្នកបើកការវាយប្រហារលើផ្សារនេះ កាលពីថ្ងៃទី១៩ ខែតុលា។ លោក អះអាងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ បានប្រើដ្រូនជាច្រើនគ្រឿង ក្នុងការវាយប្រហារ។ តំបន់អាប៊ីយ៉េ ជាតំបន់សម្បូរប្រេង ត្រូវបានគ្រប់គ្រងរួមគ្នាដោយស៊ូដង់ និងស៊ូដង់ខាងត្បូង ខណៈប្រទេសទាំង២ នៅតែទាមទារសិទ្ធិផ្តាច់មុខរៀងៗខ្លួន លើតំបន់នេះ។ តំបន់អាប៊ីយ៉េ ធ្លាប់មានអំពើហិង្សាជាញឹកញាប់ ដោយជម្លោះភាគច្រើន ពាក់ព័ន្ធនឹងក្រុមជនជាតិភាគតិចប្រកួតប្រជែងគ្នា និងក្រុមប្រដាប់អាវុធក្នុងតំបន់។

ក្រសួងការបរទេសស៊ូដង់ខាងត្បូង បានកោះហៅឯកអគ្គរដ្ឋទូតស៊ូដង់ ទៅជួបភ្លាមៗ ដើម្បីតវ៉ាចំពោះការវាយប្រហារ និងបង្ហាញក្ដីបារម្ភអំពីសុវត្ថិភាពជនស៊ីវិល ព្រមទាំងស្ថិរភាពក្នុងតំបន់។ ចំណែក អង្គការគ្រូពេទ្យគ្មានព្រំដែន (Médecins Sans Frontières ឬ MSF) លើកឡើងថា ក្រុមគ្រូពេទ្យរបស់ខ្លួន កំពុងព្យាបាលអ្នករងរបួសជាង២០នាក់ នៅមន្ទីរពេទ្យអាម៉េតបេក (Ameth Bek) ស្ថិតនៅក្បែរតំបន់រងការវាយប្រហារ។ គួរបញ្ជាក់ថា ស៊ូដង់ និងស៊ូដង់ខាងត្បូង ធ្លាប់មានការផ្ទុះអាវុធដាក់គ្នាម្ដងម្កាល។ ការប៉ះទង្គិចគ្នាម្ដងម្កាលនេះ មិនមែនជាវិបត្តិធំដុំ ឬបង្កអសន្តិសុខខ្លាំងដល់ស៊ូដង់នោះទេ តែអ្វីដែលជាបញ្ហាធំសម្រាប់ស៊ូដូង គឺសង្គ្រាមស៊ីវិល។

មិននិយាយពីស៊ូដង់ខាងត្បូង! ចាប់តាំងពីឆ្នាំ២០២៣មក កងកម្លាំងប្រដាប់អាវុធខាងរដ្ឋាភិបាលស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (Rapid Support Forces ឬ RSF) ជាក្រុមប្រដាប់អាវុធផ្តាច់ខ្លួន តែងប្រយុទ្ធគ្នា ធ្វើឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាចជាប់ជាប្រចាំ។ ជម្លោះប្រដាប់អាវុធផ្ទៃក្នុងនេះ បានបំផ្លិចបំផ្លាញសង្គមយ៉ាងធ្ងន់ធ្ងរ បង្កឱ្យមានអសន្តិសុខ និងវិបត្តិមនុស្សធម៌ដ៏ធំសម្រាប់ស៊ូដង់៕






