ទប់ស្កាត់ការឆបោកតាមបច្ចេកវិទ្យា! ក្រសួងមហាផ្ទៃ ដាក់កម្មវិធី«Kapea Scams»ឱ្យពលរដ្ឋខ្មែរប្រើសាកល្បងលើទូរសព្ទ
អុន សម្ផស្ស
មួយថ្ងៃមុន

រាជធានីភ្នំពេញ៖ ជាមួយនឹងការបង្កើនប្រសិទ្ធភាពការពារខ្លួនដល់សាធារណជនខ្មែរឱ្យចៀសផុតពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ ក្រសួងមហាផ្ទៃ តាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការសាកល្បង កម្មវិធី«Kapea Scams» នៅលើទូរសព្ទដៃ..។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចម្រើន ជនខិលខូចមួយចំនួន បានឆ្លៀតឱកាសនេះ ធ្វើសកម្មភាពឆបោកតាមអនឡាញ។ ការឆបោកទាំងនោះ មានទម្រង់ជាផ្ញើសារ ឬអ៊ីមែល ក្លែងធ្វើជាធនាគារ ឬស្ថាប័នរដ្ឋ ដើម្បីលួចយកលេខសម្ងាត់ ការបោកប្រាស់ឱ្យវិនិយោគ ការលួចគ្រប់គ្រងគណនី ជាពិសេស គឺការហៅទូរសព្ទបន្លំខ្លួនជាសាច់ញាតិ។ល។ លោក សុខ នីត្យា បានថ្លែងថា៖«[..] ការកើនឡើងបែបនេះ មិនមែនត្រឹមតែនៅប្រទេស[កម្ពុជា]យើងទេ [..] ការឆបោកតាមអនឡាញនេះ គឺជាបញ្ហាសកល ដែលមានការកើនឡើង នៅទូទាំងពិភពលោក ហើយប្រទេសយើង គឺជាប្រទេសមួយដែលត្រូវរងគ្រោះពីប្រព័ន្ធឆបោកតាមអនឡាញនេះ [..]» ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែចាត់វិធានការយ៉ាងក្ដៅគគុក បោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញធំៗ។

ដើម្បីបង្ការទប់ស្កាត់ និងផ្តល់កិច្ចការពារសាធារណជន ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតកម្មវិធី «Kapea Scams» ដោយអនុញ្ញាតឱ្យសាធារណជន ដំឡើងប្រើប្រាស់លើទូរសព្ទ តាមរយៈ App Store និង Google Play Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android។ កម្មវិធី «Kapea Scams» មានមុខងារសំខាន់ៗចំនួន៤ រួមមាន៖ ១. ការក្រើនរម្លឹក ឬព្រមានអំពីលេខទូរសព្ទដែលសមត្ថកិច្ចកំណត់ ថា ពាក់ព័ន្ធនឹងបទល្មើស, ២. ការបិទការហៅចូលដោយស្វ័យប្រវត្តិ, ៣. ការផ្សព្វផ្សាយព័ត៌មានអំពីកលល្បិចឆបោកថ្មីៗ, ៤. ការផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋរាយការណ៍អំពីករណីឆបោកដែលបានជួបប្រទះផងដែរ។

ការដាក់ឱ្យប្រើប្រាស់សាកល្បងនេះ ត្រូវបានរំពឹងថា នឹងជួយឱ្យសាធារណជន កាន់តែមានការប្រុងប្រយ័ត្ន ចំពោះលេខទូរសព្ទ និងកលល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងជួយសមត្ថកិច្ចទទួលបានព័ត៌មានពីបទល្មើស ដែលប្រជាពលរដ្ឋបានជួបប្រទះ។ ទន្ទឹមនឹងការប្រកាសដាក់ឱ្យដំណើរការកម្មវិធីថ្មីនេះ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ក៏អំពាវនាវដល់សាធារណជនកុំយកប្រព័ន្ធរាយការណ៍នេះលេងសើច ឬសាកល្បងតាមរយៈការរាយការណ៍ព័ត៌មានមិនពិត។ ទន្ទឹមគ្នានេះ លោកឧត្ដមសេនីយ៍ក៏ព្រមាន ចាត់វិធានការផងដែរ ប្រសិនមានករណីរាយការណ៍ជាលក្ខណៈលេងសើច​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត