
រដ្ឋធានីព្យុងយ៉ាង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Sun មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេអះអាងថា កំពុងធ្លាក់ខ្លួនក្នុងស្ថានភាពសន្លប់បាត់ស្មារតី បន្ទាប់ពីទទួលរងនូវអាការដាច់សរសៃឈាមខួរក្បាល ស្របពេលមានពាក្យចចាមអារ៉ាមលេចធ្លាយស្រដៀងគ្នានេះដែរ ថា លោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសចិន...។

យោងតាមការចែកចាយតៗគ្នានៅលើបណ្តាញសង្គម មេដឹកនាំផ្តាច់ការកូរ៉េខាងជើងរូបនេះ ត្រូវបានគេបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យចិនល្បីឈ្មោះមួយកន្លែង ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ ក្រោយពីមានអាការដាច់សរសៃឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ ប្រភពដដែល អះអាងបន្តថា ការសម្រេចចិត្តបញ្ជូនលោកចេញក្រៅប្រទេសបែបនេះ គឺដោយសារតែប្រព័ន្ធ និងផ្នែកវេជ្ជសាស្ត្រក្នុងរដ្ឋធានីព្យុងយ៉ាង មានកម្រិតទាបពេកមិនអាចធានាបាន។ ការប៉ាន់ស្មានតាមអ៊ីនធឺណិត បង្ហាញថា លោក គីម ជុងអ៊ុន ត្រូវបានគេនាំយកទៅកាន់មន្ទីរពេទ្យសហភាពប៉េកាំង (Peking Union Medical College) នារដ្ឋធានីប៉េកាំង ដើម្បីទទួលការវះកាត់ និងព្យាបាលបន្ទាន់។ គួរជម្រាបថា លោកត្រូវបានគេឃើញវត្តមានលើកចុងក្រោយ ពេលកំពុងចុះពិនិត្យសារមន្ទីរការពារជាតិមួយកន្លែង ដែលមិនបញ្ចេញទីតាំងច្បាស់លាស់ក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃទី១១ ខែតុលា។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានចចាមអារ៉ាមដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២៦ នេះថា លោក គីម ជុងអ៊ុន បានបង្ហាញខ្លួនអមដំណើរដោយកូនស្រីរបស់លោក ក្នុងពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើងមួយកាលពីថ្ងៃចន្ទ ដើម្បីច្រានចោលនូវព័ត៌មានមិនពិត ដែលបាននិងកំពុងផ្ទុះឡើងយ៉ាងខ្លាំងលើបណ្តាញសង្គម។ ពាក្យចចាមអារ៉ាមទាំងនោះ បានចាប់ផ្តើមកក្រើកឡើង នៅលើបណ្តាញសង្គម X ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ បន្ទាប់ពីគណនីប្រឆាំងនឹងបក្សកុម្មុយនីស្ដចិនដ៏ល្បីចំនួនពីរ អះអាងដោយគ្មានភស្តុតាង ថា លោក គីម ជុងអ៊ុន បានស្លាប់ ឬបានធ្លាក់ខ្លួនក្នុងស្ថានភាពសន្លប់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានីប៉េកាំង ដែលក្រោយមកព័ត៌មាននេះ ត្រូវបានសារព័ត៌មានថែបឡយ (Tabloid) យកទៅចុះផ្សាយបន្តព្រោងព្រាត៕




