វេជ្ជបណ្ឌិតថៃ ព្រមានជនរងគ្រោះដោយទឹកជំនន់ ប្រឈមជំងឺឡេបតូស្ពីរ៉ូស៊ីស​
S
Sinuon Nop
•
15 ម៉ោងមុន

​រាជធានីបាងកក៖ ស្របពេលនាយកដ្ឋានឧតុនិយមថៃ ព្រមានអំពីភ្លៀងអាចនឹងធ្លាក់ ចាប់ពីខ្លាំងទៅខ្លាំងបំផុត នៅរាជធានីបាងកក តំបន់ជុំវិញខេត្តភាគខាងកើត និងភាគខាងត្បូងនៃប្រទេស រហូតដល់ថ្ងៃទី២៥ ខែតុលានោះ អ្នកជំនាញវេជ្ជសាស្ត្ររបស់ប្រទេសអាស៊ានមួយនេះ ក៏បានព្រមានជនរងគ្រោះដោយទឹកជំនន់ អំពីរោគសញ្ញា នៃជំងឺឡេបតូស្ពីរ៉ូស៊ីស ដែលអាចនឹងកើតមានផងដែរ...។ ​

ប្រព័ន្ធផ្សព្វផ្សាយថៃ បានចេញផ្សាយកាលពីថ្ងៃចន្ទទី១៩តុលាថា មន្ត្រីសុខាភិបាលខេត្តមួយរូប បានព្រមានដល់អ្នក​ប៉ះពាល់ជាមួយទឹកជំនន់ គួរតែស្វែងរកការពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើពួកគេមានអាការក្ដៅខ្លួន ឬឈឺចាប់នៅត្រង់កំភួនជើង ខុសពីធម្មតា។ ការព្រមានបែបនេះ កើតឡើងដោយផ្អែក​ទៅលើហានិភ័យ ពី​ជំងឺ Leptospirosis (ឡេបតូស្ពីរ៉ូស៊ីស) ដែលជាការឆ្លងមេរោគបាក់តេរី ញឹកញាប់ កើតឡើងដោយសារការប៉ះពាល់ជាមួយទឹកដែលមានមេរោគ។ ជំងឺ ឡេបតូស្ពីរ៉ូស៊ីស ជាការឆ្លង​បាក់មេរោគបង្កឡើងដោយបាក់តេរីឈ្មោះ ឡេបតូស្ពីរ៉ា ផ្ទាល់​។ មេរោគប្រភេទនេះ ចម្លងពីសត្វមកមនុស្ស តាមរយៈទឹក ដី ឬអាហារ ដែលមានមេរោគនេះនៅក្នុងទឹក ដោយបានឆ្លងមកពីទឹកនោមសត្វ។​

លោកស្រី វេជ្ជបណ្ឌិត ប៉ាជ្រី អារីរ៉ប (ปาจรีย์ อารีย์รบ)​ ប្រធានមន្ទីរសុខាភិបាលខេត្តរាជបុរី បានចេញការព្រមានមួយ បន្ទាប់ពីលោកស្រី ចុះទៅសួរសុខទុក្ខអ្នកជំងឺ និងប្រជាពលរដ្ឋវ័យចំណាស់ ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ដែលអូសបន្លាយអស់រយៈពេលយូរ ​នៅក្នុងស្រុកផូថារ៉ាម (โพธาราม)។ ផ្ទះសម្បែងមួយចំនួនរបស់អ្នកស្រុកត្រូវបាន​ទឹកជន់លិចអស់រយៈពេលជិត២សប្តាហ៍ កន្លងមកហើយ ដោយ​មាន​ទាំង​ទឹកដក់នៅទ្រឹង ទឹកប្រែពណ៌ទៅជាខ្មៅ និងចាប់ផ្តើមបញ្ចេញក្លិនស្អុយ។ ក្នុងអំឡុងពេលចុះសួរសុខទុក្ខនោះ លោកស្រីវេជ្ជបណ្ឌិត ​បានលើកឡើងថា ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅក្នុងតំបន់មួយចំនួន បានបង្កជាក្ដីបារម្ភ អំពីការធ្លាក់ចុះ​គុណភាពទឹក។ លើសពីនេះ ការប៉ះពាល់ជាមួយទឹកជំនន់ក្នុងរយៈពេលយូរ ក៏អាចបង្កើនហានិភ័យ នៃបញ្ហាជំងឺស្បែក រួមទាំងប៉ះពាល់ដល់សុខភាព​ជើងរបស់មនុស្ស ​បណ្ដាលមកពីការត្រាំនៅក្នុងទឹក​។​​​

លោកស្រី វេជ្ជបណ្ឌិត ប៉ាជ្រី អារីរ៉ប (Dr. Pajaree Areerob ปาจรีย์ อารีย์รบ)​ ប្រធានមន្ទីរសុខាភិបាលខេត្តរាជបុរី  
លោកស្រី វេជ្ជបណ្ឌិត ប៉ាជ្រី អារីរ៉ប (Dr. Pajaree Areerob ปาจรีย์ อารีย์รบ)​ ប្រធានមន្ទីរសុខាភិបាលខេត្តរាជបុរី  

ស្ថានភាពបែបនេះ ​ជំងឺ ឡេបតូស្ពីរ៉ូស៊ីស ក៏ជាកង្វល់ដ៏ធំ​មួយផ្សេងទៀត ជាពិសេសសម្រាប់អ្នក​ចំណាយពេលយូរនៅក្នុងការដើរលុយទឹក ឬឈរនៅក្នុងទឹកជំនន់។ ហានិភ័យពីជំងឺនេះ កាន់តែខ្ពស់សម្រាប់អ្នក​មានស្នាមរបួស ឬដំបៅនៅលើជើង ដោយសារបាក់តេរី អាចចូលទៅក្នុងរាងកាយតាមរយៈស្បែក ដែលមានរបួស​។ ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត បានណែនាំអ្នកដែលមិនអាចចៀសវាងការប៉ះពាល់ជាមួយទឹកជំនន់បាន គួរតែលាងជើងឱ្យបានស្អាតល្អ ជាមួយទឹកស្អាត និងសាប៊ូ បន្ទាប់ពីប៉ះពាល់រួច ហើយត្រូវពិនិត្យមើលថា តើមានស្នាមរបួសដែរឬអ​​ត់? នរណាកើតមានអាការក្ដៅខ្លួនខ្លាំង ឬឈឺចាប់ខុសពី​ធម្មតា នៅត្រង់សាច់ដុំកំភួនជើង បន្ទាប់ពីបានប៉ះពាល់ជាមួយទឹកជំនន់ គួរតែស្វែងរកការថែទាំសុខភាពជាបន្ទាន់ ហើយជម្រាបជូនគ្រូពេទ្យ អំពីការប៉ះពាល់នោះ។ ការធ្វើតេស្តឈាម អាចនឹងចាំបាច់ ដើម្បីពិនិត្យរកជំងឺឡេបតូស្ពីរ៉ូស៊ីស នៅក្នុងគោលបំណង ធ្វើឱ្យការព្យាបាលអាចចាប់ផ្តើម​ទាន់ពេលវេលា។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់អូស្ដ្រាលី បានឱ្យដឹងថា រោគសញ្ញាជាធម្មតា បង្ហាញខ្លួននៅចន្លោះ២ទៅ៣០ថ្ងៃ (ភាគច្រើនគឺពី៥-១៤ថ្ងៃ) បន្ទាប់ពីបានប៉ះពាល់នឹងមេរោគ។ ជំងឺនេះ ច្រើនតែវិវឌ្ឍជា២ដំណាក់កាល៖ ១-ដំណាក់កាលស្រាល៖ មានអាការក្ដៅខ្លួនខ្លាំងភ្លាមៗ ឈឺក្បាលខ្លាំង ឈឺសាច់ដុំ (ជាពិសេសនៅត្រង់សាច់ដុំកំភួនជើង) ញាក់ភ្នែកឡើងក្រហម ក្អួត និងរាក។ ប្រហែល៩០ភាគរយនៃករណីទាំងអស់ គឺជាករណីស្រាល ដោយអាចជាសះស្បើយដោយខ្លួនឯង។ ២-ដំណាក់កាលធ្ងន់ធ្ងរ៖ ប្រហែល១០ភាគរយនៃករណីទាំងអស់វិវឌ្ឍទៅជាទម្រង់ធ្ងន់ធ្ងរ ​រួមមាន៖ អាការស្បែក និងភ្នែកឡើងលឿង (ជំងឺខាន់លឿង) ខ្សោយតម្រងនោម ខូចថ្លើម មានការហូរឈាមនៅក្នុងខ្លួន ឬហូរឈាមក្នុងសួត។ គួរបញ្ជាក់ផងដែរថា សម្រាប់ពលរដ្ឋកម្ពុជាដែលកំពុងរងគ្រោះដោយទឹកជំនន់ ព័ត៌មានខាងលើនេះ ក៏ជាផ្នែកមួយជួយឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់។ ករណីមានអាការដូចបានជម្រាបជូនខាងលើ សូមប្រញាប់ទៅជួបគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាបន្ទាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត