កម្ពុជាបំបែកកំណត់ត្រានាំចេញអង្ករជាង១លានតោន ត្រឹមជាង៩ខែប៉ុណ្ណោះ
S
Soriya Sou
•
20 តុលា 2026 09:46 AM

រាជធានីភ្នំពេញ៖ ទីបំផុត កម្ពុជាបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ដោយមិនទាន់បាន១ឆ្នាំស្រួលបួលផង អង្កររបស់ប្រទេសកម្ពុជា បាននាំចេញទៅទីផ្សារក្រៅប្រទេសបានជាង១លានតោន...។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយបថ្ងៃទី១៩តុលា ឆ្នាំ២០២៦ បានចេញផ្សាយទិន្នន័យគ្រឹះភូតគាមអនាម័យជាតិនៃក្រសួងកសិកម្ម បង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩តុលា ឆ្នាំ២០២៦ ពោលគឺត្រឹមរយពេល៩ខែ១៩ថ្ងៃប៉ុណ្ណោះ ទំហំនៃការនាំចេញអង្ករផ្លូវការរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស បានហក់ឡើងដល់១ ០១៤ ៤៤២តោន។ ទិន្នន័យនេះ កើនលើសឆ្នាំ២០២៥ ដែល១ឆ្នាំពេញអង្ករត្រូវបាននាំចេញតែជាង៩០ម៉ឺនតោនប៉ុណ្ណោះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០តុលានេះ បានចេញមកអបអរសាទរ ចំពោះការបំបែកកំណត់ត្រាឆ្នាំចាស់ បានយ៉ាងជោគជ័យ និងចាត់ទុកសមិទ្ធផលនេះ ជាជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មទាំងមូល។ សូមជម្រាបថា ទីផ្សារធំសម្រាប់អង្កររបស់កម្ពុជា គឺប្រទេសសមាជិកអាស៊ាន, ប្រទេសក្នុងទ្វីបអឺរ៉ុប, ប្រទេសចិន, និងប្រទេសផ្សេងៗទៀត ដូចជា ទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា ជាដើម។ អង្ករកម្ពុជា លក់ដាច់ជាងគេគឺ អង្ករសគ្រាប់វែង, អង្ករបាក់គ្រប់ប្រភេទ, អង្ករចំហុយ និងអង្ករសរីរាង្គ។ល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត