អង្ករកម្ពុជា១ម៉ឺនតោន ត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកជាលើកដំបូង នាំចេញទៅទីផ្សារប្រទេសហ្វីលីពីន
S
Soriya Sou
•
16 កញ្ញា 2026 05:15 PM

ក្រុងព្រះសីហនុ៖ អង្ករកម្ពុជាចំនួន១ម៉ឺនតោន ត្រូវបានដឹកជញ្ជូនទៅផ្គត់ផ្កង់ទីផ្សារប្រទេសហ្វីលីពីន តាមផ្លូវទឹកជាលើកដំបូង តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ...។​​​​​

អង្ករ១ម៉ឺនតោននេះ ជារបស់ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ុមផត ខូអិលធីឌី និងក្រុមហ៊ុន DILAI TRADING CO PLE. LTD.។ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ នៃការដឹកជញ្ជូនអង្ករ១ម៉ឺនតោនតាមផ្លូវទឹក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា នេះជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀត ពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះ ជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា លើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយ និងពេលវេលាដឹកជញ្ជូន និងការធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។

រដ្ឋមន្រ្តីកសិកម្មបន្ថែមថា ការដឹកជញ្ជូននាំចេញអង្ករកម្ពុជា តាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមជម្រាបថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករទៅហ្វីលីពីនបានចំនួនជាង១២ម៉ឺន២ពាន់តោន ស្មើនឹងជាង១៥ភាគរយ នៃបរិមាណនាំចេញអង្ករសរុបជិត៨០ម៉ឺនតោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងមានបន្ថែមទៀតចំនួនជាង៨ម៉ឺន៧ពាន់តោន ធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីន ក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណជិត២១ម៉ឺនតោន។ កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាន នូវការបើកទីផ្សារនាំចេញអង្ករដ៏ធំនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត