
សិង្ហបុរី៖ សិង្ហបុរី និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករនៅថ្ងៃសុក្រទី៧វិច្ឆិកានេះ ដែលនឹងពង្រឹងសន្តិសុខស្បៀងសម្រាប់សិង្ហបុរី ខណៈវាជាការពង្រីកឱកាសនាំចេញសម្រាប់កសិករថៃ...។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរកុល បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរី ចាប់តាំងពីចូលកាន់តំណែងក្នុងខែកញ្ញាមក។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសថៃនឹងលក់អង្ករទៅប្រទេសសិង្ហបុរីតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា តាមការស្នើសុំរបស់រដ្ឋាភិបាលសិង្ហបុរី។ ប្រទេសទាំងពីរ ក៏បានប្តេជ្ញារក្សាពាណិជ្ជកម្មអង្ករបើកចំហ តម្លាភាព និងផលប្រយោជន៍ទៅវិញទៅមក ខណៈពេលដែលជៀសវាងវិធានការរឹតបន្តឹងដែលមិនចាំបាច់។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកស្រី ហ្ក្រេស ហ្វូ (Grace Fu) រដ្ឋមន្ត្រីក្រសួងនិរន្តរភាព និងបរិស្ថានរបស់សិង្ហបុរី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក សុភជី សុធម្មភ័ណ្ឌ (ศุภจี สุธรรมพันธุ์)។ ការផ្លាស់ប្តូរអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីទាំងពីរ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង បានថ្លែងយ៉ាងដូច្នេះថា៖«នេះគឺជាកិច្ចព្រមព្រៀងឈ្នះ-ឈ្នះ ដែលនឹងធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់អង្ករសម្រាប់ប្រទេសសិង្ហបុរី ខណៈពេលដែលបើកឱកាសទីផ្សារថ្មីសម្រាប់អ្នកផលិតថៃ»។ ប្រទេសសិង្ហបុរីបាននាំចូលច្រើនជាង ៩០ភាគរយនៃការផ្គត់ផ្គង់អាហាររបស់ខ្លួន ហើយប្រទេសថៃ គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយ៕


