
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករ និងស្រូវ ទៅលក់នៅទីផ្សារអន្តរជាតិជាង៦០គោលដៅ ទទួលបានចំណូលសរុបជិត១ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា…។

របាយការណ៍ចេញផ្សាយនៅថ្ងៃទី៤មិថុនា បានបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២៥ ប្រទេសកម្ពុជា បានសម្រេចការនាំចេញអង្ករបានចំនួន៣៤៤ ១៩៩តោន គិតជាទឹកប្រាក់មានចំនួន២៥២លានដុល្លារអាម៉េរិក។ ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនចំនួន៤៨ ទៅកាន់៦៣គោលដៅ រួមមាន៖ ទាំងប្រទេសសមាជិកអាស៊ាន, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប, អាហ្វ្រិក, មជ្ឈិមបូព៌ា។ល។ ចំណែកប្រភេទអង្ករកម្ពុជា ត្រូវបាននាំចេញមានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទ ជាង៧០ភាគរយ, អង្ករ-សគ្រាប់វែង ជាង១៩ភាគរយ អង្ករចំហុយ ជាង២ភាគរយ អង្ករសរីរាង្គ ជាង២ភាគរយ និងអង្ករផ្សេងៗជិត១ភាគរយ។ ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសជិតខាង បានចំនួនជាង៣លានតោន គិតជាទឹកប្រាក់ជាង៧៤០លានដុល្លារ។

សូមជម្រាបថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ការនាំចេញអង្ករ និងស្រូវរបស់កម្ពុជានាពេលនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់។ រយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិ បានចំនួនជាង៣០ម៉ឺន២ពាន់តោន គិតជាទឹកប្រាក់ចំនួន២១៩លានដុល្លារអាម៉េរិក ខណៈការនាំចេញស្រូវទៅប្រទេសជិតខាង បានជាង២លាន៤៧ម៉ឺនតោន គិតជាទឹកប្រាក់ជាង៧១០លានដុល្លារអេម៉េរិក៕




