រាជធានីភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករបានចំនួន៥៩៦ ៣៤១តោន គិតជាទឹកប្រាក់ចំនួន៤០៨លានដុល្លារសហរដ្ឋអាម៉េរិក…។

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០តុលានេះ បង្ហាញថា អង្ករកម្ពុជាត្រូវបាននាំចេញតាមរយៈក្រុមហ៊ុន៥៧ ទៅកាន់គោលដៅចំនួន៦៩។ ទីផ្សារធំសម្រាប់ការនាំចេញអង្ករកម្ពុជា គឺប្រទេសនៅក្នុងទ្វីបអឺរ៉ុប ជិត២៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង១៩២លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ជាង១៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង៨៥លានដុល្លារ, ប្រទេសសមាជិកអាស៊ាន ជាង១៣ម៉ឺនតោន គិតជាទឹកប្រាក់ជាង៦៧លានដុល្លារ និងទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ា។ល។ ជាង៧ម៉ឺនតោន គិតជាទឹកប្រាក់ជាង៦៤លានដុល្លារអាម៉េរិក។ អង្ករក្រអូបគ្រប់ប្រភេទ នៅតែជាអង្ករដែលត្រូវបាននាំចេញច្រើនជាងគេ រហូតដល់ជិត៧០ភាគរយ, អង្ករបាក់គ្រប់ប្រភេទជាង១០ភាគរយ, អង្ករ-សគ្រាប់វែង ជាង១៦ភាគរយ, អង្ករចំហុយ ជាង២ភាគរយ, អង្ករសរីរាង្គជិត២ភាគរយ, និងអង្ករផ្សេងៗ០,៥៦ភាគរយ។

ក្នុងរយៈពេលដូចគ្នា កម្ពុជាក៏បាននាំចេញស្រូវទៅប្រទេសជិតខាង បានចំនួនជាង៥លាន២៤ម៉ឺនតោនផងដែរ គិតជាទឹកប្រាក់ចំនួន១២០៩,០៤លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០២៤ ការនាំចេញអង្ករកម្ពុជាទៅបរទេស បានកើនឡើងជាង១៥ម៉ឺនតោន ស្មើនឹងទឹកប្រាក់៧៣,៥៣លានដុល្លារ ខណៈស្រូវកើនឡើងជិត២លានតោន គិតជាទឹកប្រាក់១៤២លានដុល្លារ។ សូមបញ្ជាក់ថា រយៈពេល៩ខែឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករទៅបរទេសបានជាង៤៤ម៉ឺន៥ពាន់តោន គិតជាទឹកប្រាក់ជាង៣៣៥លានដុល្លារ និងស្រូវបានជាង៣លាន៣៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង១០៦៦លានដុល្លារ៕

