កិច្ចប្រជុំលើកទី១ បញ្ចប់! កម្ពុជា-ថៃ ចុះហត្ថលេខាសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តិទៅនៃដំណើរការផ្សះផ្សា
S
Soriya Sou
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើង ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ (UNCLOS) បានបញ្ចប់កិច្ចប្រជុំលើកទី១របស់ខ្លួន ក្នុងដំណើរការដោះស្រាយបញ្ហាតំបន់ទាមទារដែនសមុទ្ទ ត្រួតគ្នារវាងប្រទេសកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិ ស្តីពីការប្រព្រឹត្តិទៅនៃដំណើរការផ្សះផ្សា។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦កញ្ញាម្សិលមិញ ប្រមុខការទូតកម្ពុជា បានបង្ហាញទំនុកចិត្ត និងការគាំទ្រពេញទំហឹង ចំពោះគណៈកម្មការផ្សះផ្សា ដែលបានអនុវត្តវិធីសាស្ដ្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ ក្នុងដំណើរការនីតិវិធីនេះ។

លោកគូសបញ្ជាក់ពីបំណងរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា ដើម្បីកំណត់ព្រំដែនសមុទ្ទមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឬកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍរួម និងការបែងចែកធនធានដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ ខណៈពេលរង់ចាំការសម្រេចកិច្ចព្រមព្រៀងលើព្រំដែនសមុទ្ទ។ ក្នុងករណីមិនអាចសម្រេចបាននូវជម្រើសទាំងនេះ កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ផ្តល់អនុសាសន៍ ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្ទ។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋ ដោយសន្តិវិធី ហើយកម្ពុជាចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ និងមានទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការចូលរួមដោយស្ថាបនា និងដោយសុឆន្ទៈ ក្នុងគោលបំណងឈានទៅរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ទរវាងភាគីទាំងពីរ។ សូមជម្រាបថា គណៈកម្មការផ្សះផ្សារំពឹងថានឹងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ជាមួយកម្ពុជា និងថៃ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត