កម្ពុជា បន្តជូនមន្ត្រីជាន់ខ្ពស់នៃកងទ័ពហ្វីលីពីន និងអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផ្ទាល់ពីផលប៉ះពាល់មនុស្សធម៌លើពលរដ្ឋស៊ីវិល
អុន សម្ផស្ស
មួយម៉ោងមុន

ក្រុងសិរីសោភ័ណ៖ ក្រសួងការពារជាតិកម្ពុជា បន្តជូនដំណើរលោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស (ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ចនៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំកម្ពុជា ចុះពិនិត្យជាក់ស្តែង អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសស្ថានភាពពលរដ្ឋ ដែលមិនទាន់អាចវិលទៅលំនៅឋាន។ ក្រសួងការពារជាតិ ប្រកាសព័ត៌មាននេះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦...។

អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦កញ្ញា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បានចុះទៅដល់ជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន មានពលរដ្ឋជាង៣៣០០គ្រួសារ ស្មើនឹងជាង ១៣០០០នាក់ ពុំទាន់អាចវិលចូលទៅរស់នៅក្នុងលំនៅឋានពួកគេវិញបាននៅឡើយទេ ដោយសារផ្ទះសម្បែងទទួលរងការវាយប្រហារបំផ្លិចបំផ្លាញខ្ទេចខ្ទី ពីការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោង ព្រមទាំងការចូលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ក្រសួងគូសរំលេចថា៖«[..]ការចុះសង្កេតការណ៍ ការពិនិត្យ និងការផ្ទៀងផ្ទាត់ដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី [អេនតេរ៉ូ អេស ណាស៊ីសនិងក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅជំរំជនភៀសសឹកខាងលើ ក៏បានផ្តល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់ នូវផលប៉ះពាល់មនុស្សធម៌ ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម[..]»

ម៉្យាងវិញទៀត ក៏ជាសារមួយបញ្ជាក់យ៉ាងច្បាស់ ពីភាពចាំបាច់ដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមា ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងមានស្រាប់ ចែងក្នុងចំណុចទី៤ របស់សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា អាចវិលត្រលប់ទៅលំនៅឋានវិញ ដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។ ទន្ទឹមគ្នានេះ កម្ពុជាប្រកាសស្វាគមន៍តួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការសង្កេតការណ៍ ការផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង ការគាំទ្រការអនុវត្តបទឈប់បាញ់ និងការកសាងទំនុកចិត្តរវាងកម្ពុជា-ថៃ។

សូមរំឭកថា កំលុងពេលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស សន្យាបន្តតាមដាន និងពង្រឹងប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់កម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)។ អនុប្រធានអធិការកិច្ចនៃកងទ័ពហ្វីលីពីនរូបនេះ ចាត់ទុកការពង្រឹងការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងរួមចំណែកកាត់បន្ថយភាពតានតឹង ព្រមទាំងរក្សាឱ្យបាននូវការអនុវត្តបទឈប់បាញ់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាព៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត