
រដ្ឋធានីមូស្គូ៖ ការជាប់ផុងនៅក្នុងសង្គ្រាមឈ្លានពានលើទឹកដីអ៊ុយក្រែន អស់រយៈពេលជិត៥ឆ្នាំ បានធ្វើឱ្យលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថមថយឥទ្ធិពល នៅលើពិភពលោក ខណៈប្រទេសមួយនេះកំពុងបន្ដរងនូវទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ពីបស្ចិមលោក និងនៅទីបញ្ចប់មេដឹកនាំវិមានក្រឹមឡាំង បានស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី ជាមួយមេដឹកនាំសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដោយមិនមានវត្តមានមេដឹកនាំអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ចប់ជម្លោះឡើយ។ កត្តានេះហើយ កំពុងធ្វើឱ្យសម្ព័ន្ធមិត្តអឺរ៉ុប និងសមាជិកសភាសហរដ្ឋអាម៉េរិក កាន់តែព្រួយបារម្ភ និងលើកឡើងថា ដំណោះស្រាយបែបនេះ នឹងមិនអាចទៅរួចឡើយ...។

សារព័ត៌មាន The Japan Times បានចេញផ្សាយនៅរសៀលថ្ងៃចន្ទទី១៩ ខែតុលានេះថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេរាយការណ៍ថា បានស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី រវាងរូបលោក ជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីពិភាក្សាគ្នា អំពីយុទ្ធសាស្រ្ដបញ្ចប់សង្គ្រាមឈ្លានពាននៅប្រទេសអ៊ុយក្រែន។ ប្រសិនបើកិច្ចពិភាក្សានោះ អាចនឹងកើតឡើងមែន វានឹងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងទ្វីបអាស៊ី។ ស្របគ្នានេះដែរ សារព័ត៌មានសហរដ្ឋអាម៉េរិក Wall Street Journal (WSJ) មានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទនេះ ដោយដកស្រង់ប្រភពមួយ សុំមិនបញ្ចេញអត្ដសញ្ញាណ ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានស្នើឱ្យលោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជិនពីង ជួបពិភាក្សាគ្នា នៅដើមខែវិច្ឆិកា។

ប៉ុន្ដែកិច្ចប្រជុំដែលស្នើឡើងនោះ នឹងដកចេញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី និងមានគោលបំណងចរចាលើដំណោះស្រាយមួយ ដែលអាចធ្វើឱ្យរដ្ឋធានីមូស្គូ ពេញចិត្ត។ សំណើកិច្ចប្រជុំធ្វើឡើង នៅក្នុងអំឡុងការសន្ទនាតាមទូរសព្ទ រវាងលោក ពូទីន និងលោក ត្រាំ កាលពីដើមខែតុលា។ នៅក្នុងកំលុងពេលសន្ទនានោះ លោក ត្រាំ ក៏បានយល់ព្រមលើកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ ការដកអ៊ុយក្រែនចេញពីកិច្ចប្រជុំកំពូលនេះ នាំឱ្យមានការព្រួយបារម្ភ នៅក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងក្រុមអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាម៉េរិកមួយចំនួន ជាមួយនឹងក្ដីកង្វល់អំពីផលវិបាកនៃកិច្ចប្រជុំ។ សកម្មភាពនៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗ ត្រូវបានគេយល់ថា វាជាការគាំទ្រដល់រុស្ស៊ី និងនាំឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តអឺរ៉ុប និងសមាជិកសភា មកពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ត្រាំ។

ស្ថានភាពកាន់តែស្មុគស្មាញ ដោយសារភាពតានតឹងកាលពីពេលថ្មីៗ រវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក ដោយរដ្ឋការលោក ត្រាំ បានលើកលែងទណ្ឌកម្មជាបណ្តោះអាសន្ន លើការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី និងចេញបទបញ្ជាប្រតិបត្តិ ដើម្បីលើកលែងទណ្ឌកម្មដល់រុស្ស៊ី។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានសម្ដែងការមិនពេញចិត្តជាមួយនឹងការបញ្ជាក់ថា ការសម្រេចចិត្តបែបនេះ ហាក់ដូចជា កំពុងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ី។ ទន្ទឹមគ្នា ការស្នើឱ្យមានកិច្ចប្រជុំកំពូលត្រីភាគី និងសកម្មភាពជុំវិញសំណើបែបនេះ បានបង្កឱ្យមានការជជែកវែកញែកអំពីអនាគតនៃជម្លោះ និងតួនាទី សម្រាប់ការទូតអន្តរជាតិ នៅក្នុងការដោះស្រាយជម្លោះជាអន្តរជាតិ។ កិច្ចប្រជុំកំពូលត្រីភាគី អាចនឹងធ្វើឡើង នៅក្រៅកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (ហៅកាត់ APEC) ស្ថិតក្នុងទីក្រុងសេនឈិន (Shenzhen) ប្រទេសចិន ចន្លោះពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា។

សំណើរបស់មេដឹកនាំវិមានក្រឹមឡាំង មានគោលបំណងចរចាបញ្ចប់ជម្លោះដែលអូសបន្លាយអស់រយៈពេលជិត៥ឆ្នាំ ដោយស្វែងរកលទ្ធផលផ្តល់ផលប្រយោជន៍ទៅដល់រដ្ឋាភិបាលរដ្ឋធានីមូស្គូ លើការគ្រប់គ្រងទឹកដីដែលខ្លួនដណ្តើមបាន។ ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្ដីរបស់លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់លោកប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា កិច្ចពិភាក្សានេះ កំពុងដំណើរការ ជុំវិញលទ្ធភាពនៃការរៀបចំកិច្ចប្រជុំមួយ អាចនឹងកើតឡើង នាពេលខាងមុខ។ ចំណែក ក្រុមអ្នកវិភាគបស្ចិមលោក បានលើកឡើងថា កិច្ចប្រជុំត្រីភាគី ទំនងជានឹងមិនអាចដោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែនបាន ដោយគ្មានការចូលរួមពីលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ឡើយ។ ទន្ទឹមនេះដែរ សម្ព័ន្ធមិត្តអឺរ៉ុប ក៏នឹងមិនគាំទ្រដល់ដំណោះស្រាយណាមួយ ធ្វើឱ្យរុស្ស៊ី ចំណេញលើអ៊ុយក្រែន នោះដែរ។ អឺរ៉ុប គាំទ្រដល់ការសម្រេចចិត្តរបស់អ៊ុយក្រែន លើជោគវាសនារបស់ពួកគេ៕



