
រដ្ឋធានីសូហ្វីយ៉ា៖ អាជ្ញាធរប៊ុលហ្គារី បានឱ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អូទី្រស (Austrian Airlines) ដែលបានធ្វើដំណើរពីទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល ឆ្ពោះទៅកាន់រដ្ឋធានីវីយ៉ែន (Vienna) ប្រទេសអូទ្រីស បានចុះចតបន្ទាន់ភ្លាមៗ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិរដ្ឋធានីសូហ្វីយ៉ា (Sofia) ប្រទេសប៊ុលហ្គារី ក្រោយមានសេចក្ដីរាយការណ៍មួយ អំពីការគំរាមកំហែង វាយប្រហារដោយគ្រាប់បែក។ នេះបើតាមសារព័ត៌មាន Saudi Gazette ចេញផ្សាយនៅរសៀលថ្ងៃចន្ទទី១៩ ខែតុលានេះ...។

ក្រសួងដឹកជញ្ជូនប៊ុលហ្គារី បានបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ជើងហោះហើរលេខ OS82 បានហោះទៅដល់ជិតព្រំដែនប្រទេសរ៉ូម៉ានី ខណៈអាកាសយានិក បានទទួលការគំរាមកំហែង អំពីការវាយប្រហារ ដោយគ្រាប់បែក ហើយបានសម្រេចចិត្តចុះចតបន្ទាន់ នៅក្នុងរដ្ឋធានីនៃប្រទេសប៊ុលហ្គារី ជាទីដែលបានជម្លៀសក្រុមអ្នកដំណើរ និងអាកាសយានិក ចេញពីយន្ដហោះនោះ។ ស្របគ្នានេះដែរ ក្រសួងការពារជាតិប៊ុលហ្គារី បានបញ្ជាក់ថា យន្ដហោះចម្បាំងមួយគ្រឿងរបស់កងទ័ពអាកាសប៊ុលហ្គារី ប្រភេទ MiG-29 (មីគ-២៩) បានចេញប្រតិបត្ដិការ អមដំណើរយន្ដហោះ Airbus A320 ឆ្ពោះទៅកាន់អាកាសយានដ្ឋានសូហ្វីយ៉ា។ ប៉ុន្ដែនៅក្នុងឧបទ្ទវហេតុនេះ មិនមាននរណាម្នាក់រងរបួសនោះឡើយ ហើយការស៊ើបអង្កេត កំពុងចាប់ផ្ដើមដំណើរការ។

ការគំរាមកំហែងវាយប្រហារដោយគ្រាប់បែកលើក្រុមហ៊ុនអាកាសចរណ៍អូទ្រីស បានកើតឡើង ក្រោយពេលមានករណីអ្នកបើកយន្តហោះម្នាក់ ប៉ុនប៉ងប្លន់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Flydubai មួយគ្រឿង ខណៈកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងតែលអាវីវ កាលពីខែកញ្ញា ដោយបានវាយប្រហារទៅលើប្រធានក្រុមអ្នកបើកបរ។ ក្រោយមក បុគ្គលិកយន្តហោះ និងអ្នកដំណើរ បានរួមគ្នាទប់ស្កាត់សកម្មភាពបុគ្គលរូបនោះ រហូតអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយយន្តហោះ ក៏បានចុះចតប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កាលពីសប្តាហ៍មុន ប្រទេសក្រូអាត និងអាល្លឺម៉ង់ បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន ហោះទៅលើអាកាស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ហោះចេញពីកោះខ័រហ៊្វូ (Corfu) ប្រទេសក្រិក ឆ្ពោះទៅកាន់ទីក្រុងនូរេមប៊ឺគ (Nuremberg) នៃប្រទេសអាល្លឺម៉ង់ បានផ្ញើសញ្ញាប្រកាសអាសន្ន អំពីការប្លន់យន្តហោះដោយចៃដន្យ។

ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines បានបញ្ជាក់ថា មានការគំរាមកំហែងមួយ បានកើតឡើង ប៉ុន្តែក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។ ស្របគ្នានេះដែរ អ្នកនាំពាក្យក្រុមហ៊ុននេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មានអ្នកដំណើរចំនួន៥១នាក់ និងបុគ្គលិកយន្តហោះចំនួន៦នាក់ នៅក្នុងជើងហោះហើរមួយនេះ៕


