
រដ្ឋធានីជេរូសាឡឹម៖ នៅសល់រយៈពេលត្រឹមតែ៩ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតនៃ ការស្ទង់មតិចំនួន៤លើក ដែលកាលពីពេលថ្មីៗនេះ បានបង្ហាញថា គណបក្សយ៉ាសា (Yashar) របស់លោក ហ្កាឌី អេសេនខូត (Gadi Eisenkot) បានរក្សាប្រៀបនាំមុខ លើគណបក្សលីខូដ (Likud) របស់លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ធ្វើឱ្យលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្ទាក់ស្ទើរ មិនហ៊ានប្រកាសអំពីការគាំទ្រជាសាធារណៈ ចំពោះមេដឹកនាំអ៊ីស្រាអែលបច្ចុប្បន្ន...។

សារ័ត៌មាន The Jerusalem Post បានចុះផ្សាយនៅរសៀលថ្ងៃចន្ទទី១៩ ខែតុលានេះថា បើតាមលទ្ធផលនៃការស្ទង់មតិដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនានា រួមមាន៖ Maariv, Channel 13, Kan News និងChannel 12 បានបង្ហាញថា គ្មានក្រុមនយោបាយណាមួយ បានទទួលសំឡេងគាំទ្រ រហូតជិតដល់ចំនួន៦១អាសនៈ ដែលជាតម្រូវការចាំបាច់ សម្រាប់ការបង្កើតសំឡេងភាគច្រើននៅក្នុងសភានោះឡើយ។ការស្ទង់មតិទាំងបួនលើក បានបង្ហាញលទ្ធផលស្ទើរតែដូចគ្នាទាំងស្រុង គឺក្រុមបក្សប្រឆាំង ដឹកនាំដោយគណបក្សជាតិនិយមសាយអូនីស្ដ (Zionist) ទទួលបានអាសនៈជាមធ្យម ចំនួន៥១,២៥អាសនៈ ខណៈគណបក្សរបស់លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ទទួលបាន៥១អាសនៈ។ ស្ថានភាពនេះ គឺស្ទើរតែស្មើគ្នាទាំងស្រុង ដែលធ្វើឱ្យគណបក្សអារ៉ាប់ និងក្រុមនយោបាយតូចៗផ្សេងទៀត មានចំនួនសំឡេងប្រផិតប្រផើយ នឹងកម្រិតកំណត់អប្បបរមាសម្រាប់ការជាប់ឆ្នោត ជាកត្តាដ៏សំខាន់ នៅមុនថ្ងៃបោះឆ្នោតចូលមកដល់។

ដោយឡែក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានពន្យារពេលការប្រកាសនូវការគាំទ្រជាសាធារណៈ ចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ មុនការបោះឆ្នោតនៅអ៊ីស្រាអែល នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយត្រូវរង់ចាំរហូតដល់លទ្ធផលបង្ហាញថា លោក នេតាន់យ៉ាហ៊ូ មានឱកាសពិតប្រាកដ នៅក្នុងការឈ្នះឆ្នោត។ នេះបើតាមប្រភពព័ត៌មាននយោបាយមួយចំនួន ដែលដឹងអំពីទំនាក់ទំនង ហើយបានទម្លាយប្រាប់ទៅកាសែតម៉ាអារីវ (Maariv)។ លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ បញ្ជាក់ថា៖«គោលដៅដែលខ្ញុំបានកំណត់ មិនអាស្រ័យលើការយល់ព្រមពីសហរដ្ឋអាម៉េរិកនោះទេ។ តម្រូវការរបស់យើង នៅក្នុងការលុបបំបាត់ការគំរាមកំហែងផ្នែកនុយក្លេអ៊ែរ និងការគំរាមកំហែងជារួម មកពីប្រទេសអ៊ីរ៉ង់ គឺជាបញ្ហាដាច់ដោយឡែកមួយ។ ប៉ុន្ដែក្នុងកម្រិតដ៏ចាំបាច់ណាមួយ យើងនឹងចាត់វិធានការ ដោយឯកឯងតែម្ដង។ យើងធ្លាប់ធ្វើបែបនេះរួចមកហើយ ប្រសិនបើចាំបាច់ យើងនឹងធ្វើបែបនេះ ជាថ្មីម្ដងទៀត»។ បើតាមប្រភពព័ត៌មានជាច្រើន បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ហាក់បីដូចជានៅតែមានការស្ទាក់ស្ទើរ នៅមុននឹងការប្រកាសទទួលស្គាល់លោក នេតាន់យ៉ាហ៊ូ ជាសាធារណៈ៕



