
រដ្ឋធានីណៃពិដោរ៖ សហរដ្ឋអាម៉េរិក ធ្លាប់តែថ្កោលទោសយ៉ាងខ្លាំងក្លា ទៅលើអំពើរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ក្រោយការបណ្ដេញលោកស្រី អ៊ុង សាន់ស៊ូជី ចេញពីអំណាច ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក។ ប៉ុន្ដែឥឡូវ រដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចាប់ផ្ដើមចរចាយ៉ាងសម្ងាត់ ជាមួយរដ្ឋាភិបាលណៃពិដោរ នៅឯរាជធានីតូក្យូ ប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ចំពេលស្ថានការណ៍នៃភូមិសាស្ត្រនយោបាយ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតានតឹងយ៉ាងខ្លាំង។

ប្រព័ន្ធផ្សព្វផ្សាយ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី Asian News Network (ANN) បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ ខែតុលានេះថា ជំនួបកាលពីសប្ដាហ៍មុន នៅរាជធានីតូក្យូ គឺជាការជួបពិភាក្សាគ្នា លើកទី២ រវាងសហរដ្ឋអាម៉េរិក និងមេដឹកនាំភូមា ក្នុងរយៈពេលមួយខែនេះ បន្ទាប់ពីមានការផ្លាស់ប្ដូរពីគោលនយោបាយរបស់រដ្ឋធានីវ៉ាស៊ីនតោន ដែលធ្លាប់តែចៀសវាង ការទាក់ទងជាមួយអាជ្ញាធរភូមា ចាប់តាំងពីឆ្នាំ២០២១ រហូតមក។ ជំនួបពិភាក្សាជុំទីមួយ ធ្វើឡើងនៅឯរដ្ឋធានីណៃពិដោរ (Nay Pyi Taw) ប្រទេសភូមា កាលពីពាក់កណ្តាលខែកញ្ញា ដោយបានផ្តោតលើការស្វែងរកការដោះលែងពាណិជ្ជករអាម៉េរិកាំងម្នាក់ ដែលបានត្រូវអាជ្ញាធរភូមាចាប់ឃុំខ្លួន នៅក្នុងប្រទេស និងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោកតាមអនឡាញ ឬស្កេម ដែលកំណត់គោលដៅលើពលរដ្ឋអាម៉េរិកាំង។

ទោះជាយ៉ាងណាក៏ដោយ ជំនួបពិភាក្សាគ្នាទាំង២លើកនេះ បាននាំឱ្យមានការសន្និដ្ឋានថា ការចរចាលើកទី២ អាចជាការបើកផ្លូវមួយឆ្ពោះទៅរកកិច្ចពិភាក្សាកាន់តែទូលំទូលាយ នៅលើបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រួមទាំងឱកាសសម្រាប់ការផលិតសារធាតុរ៉ែកម្រ (Rare Earth Minerals) នៅក្នុងប្រទេសភូមាផងដែរ។ ប៉ុន្ដែព័ត៌មានលម្អិត អំពីការចរចាជុំទី២ នៅរាជធានីតូក្យូ ប្រទេសជប៉ុន កាលពីសប្ដាហ៍មុន មិនត្រូវបានគេទម្លាយឱ្យដឹងនោះឡើយ។ ការចរចារបស់សហរដ្ឋអាម៉េរិក នាពេលនេះ កើតឡើងចំពេលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងតែតានតឹងកាន់តែខ្លាំងឡើង។ បើតាមប្រភពព័ត៌មានជាច្រើន ដោយរាប់ទាំងមន្ត្រីសហរដ្ឋអាម៉េរិកម្នាក់ផងដែរ បានស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះការពិភាក្សានេះ មានលក្ខណៈរសើបបំផុត។

ប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា កិច្ចពិភាក្សានៅរាជធានីតូក្យូ ដឹកនាំដោយលោក មីឆែល វ៉ាន់ស៍ (Michael Vance) ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកផ្នែកស៊ើបការណ៍សម្ងាត់ និងការស្រាវជ្រាវ រួមជាមួយមន្ត្រីសហរដ្ឋអាម៉េរិក យ៉ាងហោចណាស់១២នាក់ បានចូលរួម។ ប៉ុន្ដែទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters មិនអាចបញ្ជាក់បានទេថា តើមានតំណាងរូបណាខ្លះ ចូលរួមនៅក្នុងនាមជាមន្ត្រីរដ្ឋាភិបាលភូមា។ ទោះជាយ៉ាងណា ក្រសួងការបរទេសសហរដ្ឋអាម៉េរិក មិនបានឆ្លើយតប ចំពោះសំណើសុំការធ្វើអត្ថាធិប្បាយ លើកិច្ចពិភាក្សាទាំងនេះទេ ប៉ុន្តែគ្រាន់តែបានបញ្ជាក់ថា រដ្ឋធានីវ៉ាស៊ីនតោន នៅតែបន្តធ្វើការជាមួយគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសភូមា ពាក់ព័ន្ធនឹងបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក។ ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលភូមា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយណាមួយដែរ។

បើតាមប្រភពនានា ដែលបានដឹងអំពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការចរចាជុំទីមួយ កាលពីខែកញ្ញា នៅរដ្ឋធានីណៃពិដោរ (Nay Pyi Taw) រវាងលោក មីឆែល វ៉ាន់ស៍ និងប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានបើកផ្លូវ សម្រាប់កិច្ចពិភាក្សា មានវិសាលភាពទូលំទូលាយជាងមុន។ បើតាមប្រភពព័ត៌មានជាច្រើនទៀត បានឱ្យដឹងថា អាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន គឺការស្វែងរកកិច្ចសហប្រតិបត្តិការ ពីប្រទេសភូមា ដើម្បីបិទមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឬស្កេមជាច្រើន នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលបានបោកប្រាស់ប្រជាពលរដ្ឋអាម៉េរិក អស់ប្រាក់រាប់ពាន់លានដុល្លារ។ រីឯរដ្ឋាភិបាលភូមា បានលើកឡើងថា ខ្លួនកំពុងចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្ក្រាបសកម្មភាពស្កេមទាំងនោះ។

ស្របគ្នានេះដែរ មន្ត្រីអាម៉េរិក ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាពនានា នៅក្នុងការធ្វើអាជីវកម្មរ៉ែកម្រ នៅក្នុងប្រទេសភូមា។ ប៉ុន្ដែកាលពីដើមខែតុលា អ្នកការទូតជប៉ុន មួយរូប ប្រចាំនៅប្រទេសភូមា បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសភូមា។ នេះជាជំនួបលើកដំបូង ត្រូវបានប្រកាសជាសាធារណៈ ចាប់តាំងពីអំពើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក៕



