កម្ពុជា-ក្រូអាត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន
អ
អុន សម្ផស្ស
•
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា-ក្រូអាត បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារបោសសម្អាតមីន កាត់បន្ថយផលប៉ះពាល់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងរួមគ្នាកសាងពិភពលោកប្រកបដោយសុវត្ថិភាព។ ការប្តេជ្ញានេះ ធ្វើលើកឡើងក្នុងកិច្ចសន្ទនា រវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា និងលោក ហ្ករដេន ជីអលីក រេដមេន (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦..។

ក្នុងកិច្ចសន្ទនារវាងមេដឹកនាំកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន លោកទេសរដ្ឋមន្ត្រី លី ធុជ បានសម្ដែងការអបអរសាទរចំពោះប្រទេសក្រូអាត ដែលបានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣១ឆ្នាំ និងការកម្ទេចមីនប្រមាណ១០,៧ម៉ឺនគ្រាប់។ មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជារូបនេះ ចាត់ទុកបទពិសោធនេះ ជាមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មបោសសម្អាតមីន រួមទាំងកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានជាង ៣៥០០គីឡូម៉ែត្រក្រឡា ព្រមទាំងកម្ទេចមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានជាង៤លានគ្រាប់។

ទោះបីជានៅមានបញ្ហាប្រឈម ដោយសារការរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឆ្នាំ២០៣៥។ ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមមាន៖ ដ្រូន រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត ដែលអាចជួយសម្រួលដល់ការកំណត់តំបន់មានគ្រោះថ្នាក់ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការបោសសម្អាតមីន។ ទោះជាយ៉ាងណា លោកលើកឡើងថា មនុស្សនៅតែជាកត្តាស្នូលនៃភាពជោគជ័យក្នុងវិស័យនេះ ជាពិសេស អ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ អ្នកផ្តល់ជំនួយដល់ជនរងគ្រោះ និងស្ថាប័នដែលមានសមត្ថភាពរឹងមាំ។

កម្ពុជាមានបទពិសោធ និងសមត្ថភាពជាតិរឹងមាំ ក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗ ក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធរបស់ខ្លួន និងរៀនសូត្រពីក្រូអាត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ លោកទេសរដ្ឋមន្ត្រី បង្ហាញក្ដីសង្ឃឹមថា កម្ពុជា និងក្រូអាត នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន ដើម្បីរួមចំណែកធានាសុវត្ថិភាពសម្រាប់ប្រជាជន និងកសាងពិភពលោកមួយដែលកុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយគ្មានការគំរាមកំហែងពីសំណល់នៃសង្គ្រាម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត