តុលាការសម្រេចចោទប្រកាន់ជនជាតិឡាវ និងខ្មែរ៨នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនថ្នាំញៀនជិត១តោន ក្នុងដែនទឹកខេត្តកោះកុង
ហាក់ អ៊ីឌី
•
13 ម៉ោងមុន

ក្រុងខេមរភូមិន្ទ​៖ សាលាដំបូងខេត្តកោះកុង បានសម្រេចចោទប្រកាន់ជាផ្លូវការលើក្រុមជនសង្ស័យចំនួន៨នាក់ រួមមាន៖ ជនជាតិឡាវ និងជនជាតិខ្មែរ ដែលបានដឹកជញ្ជូនថ្នាំញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ជិត១តោន នៅក្នុងដែនទឹកខេត្តកោះកុង...។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឱ្យដឹងថា ការបង្ក្រាបធ្វើឡើងកាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ ក្រោយពីទទួលបានព័ត៌មានចារកម្មដែលបានផ្ដល់ដោយទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាម៉េរិក (DEA) ប្រចាំកម្ពុជា។ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចុះបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន តាមទូកនេសាទ។ ជាលទ្ធផល សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ មានជនជាតិឡាវចំនួនម្នាក់ និងជនជាតិខ្មែរ៧នាក់(ស្រីម្នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនចំនួន៣៩បាវ ក្នុងនោះមានចំនួន៩៨២ដុំ សរុបទាំងអស់មានទម្ងន់ប្រមាណ៩៧៨គីឡូក្រាម។

រូបភាពតំណាង 
រូបភាពតំណាង 

ទោះជាយ៉ាងណា បន្ទាប់ពីទទួលចាត់ការលើសំណុំរឿង និងពិនិត្យភស្តុតាងរួច ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង៨នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ក្រោមបទចោទ៖ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕

រូបភាពតំណាង 
រូបភាពតំណាង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត