
រដ្ឋធានីប៉េកាំង៖ តុលាការចិន បានប្រកាសផ្ដន្ទាទោសប្រហារជីវិតមេខ្លោងឧក្រិដ្ឋជនចំនួន៣នាក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការដឹកនាំបណ្តាញឆបោកតាមអនឡាញ និងបទល្មើសឆ្លងដែនដ៏ធំនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលទាញយកប្រាក់ចំណេញខុសច្បាប់រហូតដល់ទៅជាង១,៨ពាន់លានដុល្លារអាម៉េរិក...។

តុលាការប្រជាជនកម្រិតមធ្យមនៃខេត្តហ្វូជៀន (Fujian) បានប្រកាសទោសប្រហារជីវិតលើឈ្មោះ វ៉ី ហួរអាយរ៉េន (Wei Huairen), ឈិន តាវ៉ី (Chen Dawei) និង ឡៅ ជីងហ្វាង (Liao Jingfang) ដែលជាសមាជិកជាន់ខ្ពស់នៃ«ក្រុមឧក្រិដ្ឋជនត្រកូល(វ៉ី Wei)..»។ ក្រុមនេះ ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសជាច្រើន រាប់ចាប់ពីការជួញដូរគ្រឿងញៀន ការបើកបក្ខពួកកាស៊ីណូខុសច្បាប់ ការឆបោកតាមអនឡាញ និងការសម្លាប់ពលរដ្ឋចិនយ៉ាងហោចណាស់២នាក់។ ក្រៅពីទោសប្រហារជីវិត សមាជិក៣នាក់ទៀត ត្រូវផ្តន្ទាទោសដាក់គុកអស់មួយជីវិត ខណៈ៥៥នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារពី៣ឆ្នាំ៣ខែ រហូតដល់២៤ឆ្នាំ។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្រុមនេះ បានបើកដំណើរការទីតាំងឆបោកធំៗរហូតដល់១៤កន្លែង ដោយបានបោកបញ្ឆោតពលរដ្ឋចិនរាប់ពាន់នាក់ឱ្យទៅធ្វើការនៅភូមា ក្រោមរូបភាពប្រាក់ខែខ្ពស់។ ការកាត់ទោសយ៉ាងធ្ងន់ធ្ងរនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបង្ក្រាបយ៉ាងក្ដៅគគុករបស់រដ្ឋធានីប៉េកាំង លើបណ្តាញជម្រកឆបោកឆ្លងដែននៅអាស៊ីអាគ្នេយ៍។ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានព្រមានផងដែរថា មជ្ឈមណ្ឌលឆបោកក្នុងតំបន់នេះ បានកើនឡើងរហូតដល់ប្រើប្រាស់កម្លាំងពលកម្មបង្ខំប្រមាណ៣សែននាក់ ភាគច្រើនជាជនបរទេសត្រូវគេបោកយកទៅឃុំឃាំង និងបង្ខំឱ្យឆបោកប្រាក់ពីប្រជាជននៅបស្ចិមប្រទេស៕




