ត្រាំ លុបចោលការផ្សាយបន្តផ្ទាល់នៃការប្រ.ហា.រជីវិតខ្មាន់កាំ.ភ្លើ.ង នីដាល់ ហាសាន ក្រោយរងការរិះគន់ភ្លូកទឹកភ្លូកដី
ហៀប ស៊ីថេត
•
4 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានលុបចោលផែនការផ្សាយបន្តផ្ទាល់នៃការប្រហារជីវិតអតីតយោធិនអាម៉េរិក ដែលបានបាញ់សម្លាប់មនុស្ស១៣នាក់នៅមូលដ្ឋានយោធាហ្វតហូដ (Fort Hood) បន្ទាប់ពីសំណើនេះ ទទួលបានការប្រឆាំងយ៉ាងខ្លាំងក្លាពីខាងគណបក្សសាធារណរដ្ឋ មេដឹកនាំសាសនា និងសាធារណជន...។

ការប្តូរចិត្តនេះ បានបញ្ចប់ផែនការផ្សាយបន្តផ្ទាល់នៃការប្រហារជីវិតលោក នីដាល់ ហាសាន (Nidal Hasan) ដោយការប្រើកាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី៣ ខែធ្នូ។ រដ្ឋមន្រ្តីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក លោក ភេត ហេកសិត ធ្លាប់បានប្រកាសពីផែនការផ្សាយផ្ទាល់នៃការប្រហារជីវិតនៅឯមូលដ្ឋានយោធាហ្វតហូដ ក្នុងរដ្ឋតិចសាស់ ដែលជាទីតាំងនៃការបាញ់ប្រហាររបស់លោក ហាសាន ក្នុងឆ្នាំ២០០៩។ គេគ្រប់គ្នាសុទ្ធតែដឹងថា មិនមានប្រទេសណាមួយផ្សាយបន្តផ្ទាល់ ឬផ្សាយតាមទូរទស្សន៍នូវការប្រហារជីវិត តាមផ្លូវតុលាការនោះឡើយ។ ជាក់ស្តែង លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះលើបណ្តាញសង្គមថា៖«ខ្ញុំគិតថា ការផ្សាយផ្ទាល់នៃការប្រហារជីវិតឱ្យមនុស្សគ្រប់គ្នាបានឃើញ គឺអាចឱ្យពិភពលោកមើលឃើញពីរបៀបដែលអាម៉េរិក ដោះស្រាយជាមួយក្រុមភេរវករ និងជនលាមកដូចជា ហាសាន ប៉ុន្តែមនុស្សល្អៗ និងមានបំណងល្អជាច្រើន មិនចង់ទស្សនាការស្លាប់របស់លោក តាមរយៈការផ្សាយផ្ទាល់ ឬតាមឧបករណ៍មើលឃើញផ្សេងទៀតនោះទេ។ លោកនឹងត្រូវស្លាប់ទៅតាមកាលវិភាគ ដោយក្រុមខ្មាន់កាំភ្លើង ប៉ុន្តែព្រឹត្តិការណ៍នេះ នឹងមិនត្រូវបានផ្សាយផ្ទាល់ឡើយ»។

គ្រួសារជនរងគ្រោះដែលលោក ហាសាន បានសម្លាប់ នឹងអាចចូលរួមទស្សនាការប្រហារជីវិតនេះដោយផ្ទាល់បាន ប្រសិនបើពួកគេជ្រើសរើសបែបនោះ ដែលនេះជាបទដ្ឋានទូទៅក្នុងការប្រហារជីវិតនៅសហរដ្ឋអាម៉េរិក។ អ្នកនយោបាយមួយចំនួននៃគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ រួមទាំងអនុប្រធានាធិបតី លោក ជេឌី វ៉ាន់ (JD Vance) ក៏ដូចជាមេដឹកនាំសាសនា បានសម្ដែងការសង្ស័យ រហូតដល់ការថ្កោលទោសយ៉ាងដាច់អហង្កា លើផែនការផ្សាយផ្ទាល់របស់ក្រសួងសង្គ្រាម។ ការស្ទង់មតិ បានបង្ហាញថា ប្រជាជនអាម៉េរិកភាគច្រើនបានប្រឆាំងនឹងការផ្សាយផ្ទាល់នេះ ខណៈសម្តេចប៉ាប លីអូ (Pope Leo) បានថ្កោលទោសទោសការប្រហារជីវិតគ្រប់រូបភាព។ មែនទែនទៅ ការប្តូរចិត្តរបស់លោក ត្រាំ នេះ គឺជាការខ្វែងគំនិតគ្នាជាសាធារណៈដ៏ធំដំបូងបង្អស់របស់លោក ជាមួយលោក ហេកសិត ដែលជាដៃគូដ៏ជិតស្និទ្ធិបំផុត។

ជាមួយគ្នា សមាជិកព្រឹទ្ធសភា លោក ចន ខឺទីស (John Curtis) ជាអ្នកសាធារណរដ្ឋតំណាងឱ្យរដ្ឋយូតាហ៍ (Utah) បានចាត់ទុកការលុបចោលនេះ ថា ជាជំហានដ៏ត្រឹមត្រូវ។ ចំណែក លោក រីឆាដ នាឡិ៍ (Richard Neal) តំណាងរាស្ត្រអាម៉េរិក មកពីគណបក្សប្រជាធិបតេយ្យ រដ្ឋម៉ាសាឈូសេត (Massachusetts) បានហៅផែនការដើមថា ជាការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃសីលធម៌ និងគុណធម៌ជាមនុស្ស។ សូមជម្រាបថា លោក ហាសាន បានបាញ់សម្លាប់យោធិនអាម៉េរិក ដែលគ្មានអាវុធចំនួន១៣នាក់ និងបានធ្វើឱ្យ៣២នាក់ផ្សេងទៀតរងរបួស នៅឯមូលដ្ឋានយោធាក្នុងរដ្ឋតិចសាស់ កាលពីឆ្នាំ២០០៩។ ការប្រហារជីវិតរូបគេដោយការបាញ់នឹងកាំភ្លើង នឹងក្លាយជាការប្រហារជីវិតតាមផ្លូវយោធាលើកដំបូងបង្អស់នៅក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត