
ក្រុងប៉ោយប៉ែត៖ ទីតាំងលក់ចែកចាយទឹកកាធំមានប្រមាណជិត១០០ដប និងសម្ភារផលិត ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប ខណៈម្ចាស់ទីតាំងត្រូវបានអនុវត្តនីតិវិធី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោតប៉ែត ក្រុងប៉ោយប៉ែត...។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា ម្ចាស់ទីតាំងឈ្មោះ ខាំម៉ា ស៊ីនួន ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបាននាំខ្លួនយកទៅសាកសួរព័ត៌មាន និងធ្វើកំណត់ហេតុ។ លោកបន្ថែមថា បន្ទាប់ពីទទួលការណែនាំនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកបានចាត់តាំងដឹកនាំកងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត ចុះបង្ក្រាប និងរឹបអូសវត្ថុតាងមានទឹកកាធំចំនួន៩៥ដប ថ្នាំក្អកសម្រាប់ផ្សំ ឆ្នាំងសម្រាប់ស្ងរ និងផលិតទឹកកាធំចំនួន១ និងសម្ភារផលិតមួយចំនួនទៀត។

ដោយឡែក លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឱ្យដឹងផងដែថា ក្រោយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត ចុះបង្ក្រាបទីតាំងផលិតទឹកកាធំ និងនាំខ្លួនម្ចាស់ទីតាំងមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងអនុវត្តន៍នីតិវិធីច្បាប់ កម្លាំងជំនាញនគរបាល កំពុងបន្តស្រាវជ្រាវ និងអនុវត្តការចុះបង្ក្រាបបន្ត ព្រោះទឹកកាធំ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ យ៉ាងណា លោកបានអំពាវនាវម្ដងហើយម្ដងទៀត សូមឱ្យអ្នកលួចផលិតទឹកកាធំទាំងអស់បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើមិនចង់មានទោសទណ្ឌដូចករណីខាងលើនេះ។ លោកក៏សូមបញ្ជាក់បន្ថែមផងដែរថា ទឹកកាធំ គឺជាភេសជ្ជៈមានសាធាតុញៀន ដែលអាជ្ញាធរជំនាញហាមឃាត់ការធ្វើអាជីវកម្ម ព្រោះវាប៉ះពាល់ដល់សុខភាពរយៈពេលវែង៕ រាយការណ៍ដោយ៖ ឈុន មករា






