អ្នកជំនាញរំពឹង ក្រោយជួសជុលជញ្ជាំងជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំរួច អាចរឹងមាំបានរាប់រយឆ្នាំទៅមុខទៀត
S
Sreyleak Yith
•
10 ម៉ោងមុន

ក្រុងសៀមរាប៖ គិតត្រឹមខែតុលា ឆ្នាំ២០២៦  ជញ្ជាំងជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំ ជួសជុលបាន៨០ភាគរយហើយ។ នេះបើតាមការអោយដឹងពីអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧តុលា...។

លោក ម៉ៅ សុខនី ប្រធានគម្រោងជួសជុល បានគូសបញ្ជាក់ថា ការជួសជុលឡើងវិញ ធ្វើតាមលំនាំដើមពីបុរាណ ដោយបន្ថែមបច្ចេកទេសថ្មីបញ្ចូលខ្លះ ដើម្បីធានាភាពរឹងមាំកាន់តែយូរអង្វែង។ ការជួសជុល ចាប់ផ្តើមពង្រឹងគ្រឹះ ដោយបុកបង្ហាប់ស្រទាប់ដីបុរាណ និងមានការកែសម្រួលផ្នែកជញ្ជាំង ដើម្បីឱ្យមានភាពរឹងមាំបន្ថែម។ ផ្នែកជណ្តើរខាងក្នុង ក្រុមការងារបានរៀបកាំជណ្តើរ បន្តពីជណ្តើរគ្រឹះចាស់ដែលនៅសល់ ដើម្បីពង្រឹងផ្នែកជញ្ជាំង ដោយដាក់ដីឥដ្ឋបុកបង្ហាប់ ជាមួយថ្មកំបោរបាយអជាទ្រនាប់។ល។ ការជួសជុលពង្រឹងជញ្ជាំងដែលមានប្រវែង១៥ម៉ែត្រ បានរួចរាល់ជាស្ថាពរ និងកំពុងចាក់បំពេញដី និងបំពេញបាយអ នៅចន្លោះថ្មមួយចំនួន ដើម្បីពង្រឹងរចនាសម្ព័ន្ធជញ្ជាំង។

កាំជណ្តើរខាងក្នុងមានចំនួន២៣កាំ អ្នកជំនាញក៏បានរៀបចំតម្រៀបភ្ជាប់ពីផ្នែកជញ្ជាំងឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយទប់ជញ្ជាំង និងលើកតម្លៃនៃខ្លោងទ្វារផងដែរ។លោក ម៉ៅ សុខនី លើកទ្បើងបន្ថែមថា ខ្លោងទ្វារទន្លេអុំជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរភាគច្រើនឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្ទទឹកដោះ និងឡើងទស្សនាលើកំពែង។ ហើយលោកសង្ឃឹមថា ក្រោយជួសជុលរួច ​គម្រោងនេះ នឹងលើកតម្លៃជញ្ជាំងកំពែងនៃអតីតក្រុងអង្គរធំ ឱ្យកាន់តែស្រស់ស្អាត ពិសេស ធានាពីភាពរឹងមាំរាប់រយឆ្នាំទៅមុខទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត