
ក្រុងច្បារមន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើករេចង្កូតបុករះតូបលក់កាហ្វេ និងតូបអាជីវករជាច្រើន ដែលតាំងលក់នៅលើដីចិញ្ចើមផ្លូវសាធារណៈ។ ហេតុការណ៍នេះ បានក្លាយជាសញ្ញាអាសន្នព្រមានដល់ក្រុមអាជីវករ ធ្វើឱ្យអាជ្ញាធរនគរបាលស្រុកភ្នំស្រួច ចាប់ផ្តើមចាត់វិធានការរឹតបន្តឹងច្បាប់ ក្រុមអាជីវកររំលោភយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកន្លែងលក់ដូរ និងបង្កគ្រោះថ្នាក់…។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២៦ នៅចន្លោះគីឡូម៉ែត្រលេខ(៦៥-៦៦) ស្ថិតក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កដោយរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៣នាក់។ រថយន្តនោះ បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកទង្គិចតូបលក់ដូររបស់អាជីវករពេញទំហឹង បណ្ដាលឱ្យខូចខាតសម្ភារអស់ជាច្រើន តែសំណាងគ្មានអ្នករងរបួស ឬបាត់បង់ជីវិតឡើយ។ ក្រោយកើតហេតុ លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះអប់រំ ណែនាំ និងហាមឃាត់ដាច់ខាត ដល់ក្រុមអ្នកលក់ដូរដែលបានយករចនាសម្ព័ន្ធចំណីថ្នល់ ធ្វើជាទីតាំងអាជីវកម្ម ដោយបញ្ជាក់ថា ជាការល្មើសច្បាប់ និងមានហានិភ័យខ្ពស់បំផុតចំពោះអាយុជីវិត។

គួរជម្រាបផងដែរថា ផ្អែកតាមច្បាប់ស្តីពីផ្លូវថ្នល់ នៃព្រះរាជាណាចក្រកម្ពុជា ការយកដីចំណីផ្លូវសាធារណៈមកធ្វើជាទីតាំងលក់ដូរ ឬតាំងសម្ភារអាជីវកម្មដោយគ្មានការអនុញ្ញាត ត្រូវប្រឈមមុខនឹងការផ្អាកអាជីវកម្ម និងពិន័យជាប្រាក់រហូតដល់៥ ០០០ ០០០រៀល (នឹងត្រូវពិន័យជាប្រាក់ទ្វេដង ប្រសិនបើនៅតែបន្តរឹងទទឹងល្មើស)។ ដោយឡែក ការសាងសង់សំណង់រំលោភលើដីផ្លូវថ្នល់ តាមមាត្រា ៧២ និង ៧៤ ត្រូវប្រឈមនឹងការពិន័យ រួមទាំងតម្រូវឱ្យរុះរើសំណង់ចេញជាបន្ទាន់។ ក្នុងករណីរឹងទទឹងមិនព្រមរុះរើ ជនល្មើស អាចត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់បន្ថែមរហូតដល់៤ ០០០ ០០០រៀល ទៀតផង។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានដកហូត និងយកមធ្យោបាយរថយន្តក្រុងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ជាបណ្តោះអាសន្ន ដើម្បីពិនិត្យ កសាងសំណុំរឿង និងដោះស្រាយទៅតាមនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នា អាជ្ញាធរស្រុកភ្នំស្រួច ក្រោយមានឧប្បត្តិវហេតុដូច្នេះ ក៏បានប្តេជ្ញារឹតបន្តឹង និងចាត់វិធានការក្ដៅបន្ថែមទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៤ ឡើងវិញ ចៀសវាងកុំឱ្យគ្រោះថ្នាក់ដ៏រន្ធត់បែបនេះ កើតឡើងជាថ្មីម្ដងទៀត៕





