កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌
S
Soriya Sou
•
13 ម៉ោងមុន

រដ្ឋធានីអាស្ដាណា៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន បានឯកភាពគ្នា ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យអាទិភាពសំខាន់ៗមួយចំនួន មានទាំងនយោបាយ-ការទូត សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌។ល។ ឱ្យកាន់តែសកម្មឡើង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ...។

ការឯកភាពគ្នានេះ ធ្វើឡើងដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៧តុលា ឆ្នាំ២០២៦ នៅរដ្ឋធានីអាស្ដាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកប្រធានាធិបតី កាសស៊ីម ចូម៉ាត តូកាយ៉េវ បានវាយតម្លៃខ្ពស់ចំពោះវត្តមានជាប្រវត្តិសាស្ត្ររបស់សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋកាហ្សាក់ស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចក្នុងឆ្នាំ១៩៨២ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាពេលនោះ។ លោកគូសបញ្ជាក់ថា ការបំពេញទស្សនកិច្ចផ្លូវការរបស់មេដឹកនាំកម្ពុជា នាពេលនេះ នឹងក្លាយជារបត់ថ្មីក្នុងការកំណត់នូវមាគ៌ានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឈានឆ្ពោះទៅកម្រិតខ្ពស់បន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថ្លែងអំណរគុណលោកប្រធានាធិបតីកាហ្សាក់ស្ថាន ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ​ និងចាត់ទុកការបំពេញទស្សនកិច្ចនេះ ជាការបង្កើតកាលានុវត្តភាពបន្ថែមទៀតដល់កម្ពុជា និងកាហ្សាក់ស្ថាន ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរទស្សនៈសំដៅបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, សន្តិសុខ, ក៏ដូចជាការតភ្ជាប់ប្រជាជននិងប្រជាជន តាមរយៈការផ្ដល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក, ការលើកកម្ពស់វិស័យទេសចរណ៍ និងពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងអាកាសចរណ៍។ ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរ ប្ដេជ្ញានឹងបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ក្រោយបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា និងប្ដូរឯកសារមួយចំនួន ស្ដីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង, កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច, កិច្ចសហប្រតិបត្តិការទេសចរណ៍, កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីអាស្តាណា នៃសាធារណរដ្ឋកាហ្សាក់ស្ថាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត