
ទីក្រុងអ៊ីស្តង់ប៊ុល៖ បុរសកូនខ្មែរម្នាក់ឈ្មោះ វ៉ាន់ ហ្សាកូលីន ដែលបានដាក់ផែនការធ្វើដំណើរផ្សងព្រេងទៅកាន់បណ្តាប្រទេសចំនួន១៥ ពេលនេះ ធ្វើដំណើរទៅដល់ប្រទេសតួគីយ៉េ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអញ្ជើញទស្សនកិច្ចការងារនៅទីនោះ ចូលជួបថតរូបអនុស្សាវរីយ៍...។

នៅលើគណនីផ្លូវការរបស់លោក វ៉ាន់ ហ្សាកូលីន ដែលមានឈ្មោះថា Frost ZK MotoVlog បានបង្ហោះភ្ជាប់ដោយរូបភាព១១សន្លឹក និងសំណេរថា៖«៥៧ថ្ងៃ! ១៣០០០គម! ៧ប្រទេស! ថ្ងៃនេះ គឺខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលបានមកជួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។ រឿងនេះ គឺជារឿងមួយដែលមិនគួរឱ្យជឿ ដែលខ្ញុំមានឱកាសបានមកជួបលោកទាំងពីរនៅឆ្ងាយកន្លះផែនដីពីផ្ទះ ពីប្រទេសកម្ពុជា។» លោក វ៉ាន់ ហ្សាកូលីន បានជិះម៉ូតូខ្មែរ ផលិតដោយកូនខ្មែរ នោះគឺ(Calypso XplorerUrbex)។

ជាមួយគ្នានោះ លោក វ៉ាន់ ហ្សាកូលីន ក៏បានថ្លែងអំណរគុណទៅដល់សម្តេចនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកបានជួបសម្ដែងការគួរសម និងថតរូបអនុស្សាវរីយ៍។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖«អរគុណដល់សម្តេចធិបតី ដែលបានជូនពរដល់ខ្ញុំ ឱ្យបេសកកម្មរបស់ខ្ញុំទទួលបានជោគជ័យ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពរហូតទៅដល់គោលដៅ ព្រមទាំងកោតសរសើរវាយតម្លៃខ្ពស់អំពីបេសកកម្មនេះ ពិតជារួមចំណែកលើកកម្ពស់មុខមាត់កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបំផុសគំនិតដល់យុវជនកម្ពុជាឱ្យមានភាពក្លាហាន តស៊ូ និងបន្តលើកកម្ពស់កិត្តិយសជាតិ តាមរយៈស្មារតី «ខ្មែរអាចធ្វើបាន»។ នេះជាថ្ងៃទី៥៧ នៃថ្ងៃទាំង១២០ និងប្រទេសទី៧ នៃប្រទេសទាំង១៥ ក្នុងចម្ងាយ ២៥០០០km-១៣០០០km = ស្ថិតនៅ Istanbul។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាន់ ហ្សាកូលីន។

គួរបញ្ជាក់ផងដែរថា លោក វ៉ាន់ ហ្សាកូលីន ជាកូនខ្មែរដ៏ក្លាហានម្នាក់ បានរៀបចំផែនការធ្វើដំណើរផ្សងព្រេងដោយជិះម៉ូតូម្នាក់ឯង ជាម៉ូតូផលិតនៅប្រទេសកម្ពុជា និងជាស្នាដៃកូនខ្មែរសុទ្ធសាធ ដោយបានចាកចេញពីប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសជាច្រើនដូចជា៖ ប្រទេសឡាវ ចិន កាហ្សាក់ស្ថាន រុស្ស៊ី ហ្សកហ្ស៊ី និងបច្ចុប្បន្នបានមកដល់ប្រទេសតួគីយ៉េ ខណៈប្រទេសដែលលោកត្រូវធ្វើដំណើរឆ្លងកាត់បន្តទៀត នៅសល់៨ប្រទេស ដែលមិនទាន់ដឹងថា លោកឆ្លងកាត់ប្រទេសណាបន្តពីតួគីយ៉េនោះឡើយ។ នេះ អាចចាត់ទុកជារឿងដ៏អស្ចារ្យមួយ ដែលកូនខ្មែរព្យាយាមធ្វើដើម្បីជួយផ្សព្វផ្សាយដល់វិស័យទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ជនបរទេសជុំវិញពិភពលោក៕









