
រដ្ឋធានីប៉ារីស៖ គ្រោះមហន្តរាយធម្មជាតិដ៏គួរឱ្យតក់ស្លុតមួយ បានកើតឡើងនៅភាគខាងត្បូង ប្រទេសបារាំង ខណៈខ្យល់ព្យុះ Tornado (ថរណាដូ) ដ៏កាចសាហាវ បានបោកបក់ទៅលើតំបន់អ៊ូដឺ (Aude) ស្ថិតនៅភាគខាងត្បូង ប្រទេសបារាំង បណ្ដាលឱ្យផ្ទះសម្បែងជាង៣០០ខ្នង រងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឱ្យមនុស្សយ៉ាងហោចណាស់ចំនួន១៥នាក់រងរបួស។

វីដេអូ បានបង្ហាញពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់ នៃពពកខ្យល់ព្យុះបក់កួច និងមានកម្លាំងខ្លាំងក្លា រំកិលខ្លួនពីលើភូមិវែរហ្សេ (Verzeille) ក្នុងខេត្តអ៊ូដឺ។ កម្លាំងខ្យល់បក់បោកយ៉ាងសាហាវនេះ បានបោកបំបាក់បង្អួច របើកដំបូល និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងជាច្រើនខ្នង។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា បាតុភូតធម្មជាតិដ៏កាចសាហាវនេះ បានកើតឡើង ស្របពេលដែលរលកកម្តៅដ៏ក្ដៅគគុកនាដូវក្ដៅនេះ បានប្រែប្រួលភ្លាមៗ ទៅជាព្យុះ ផ្គរ រន្ទះយ៉ាងធ្ងន់ធ្ងរ នៅតាមតំបន់ជាច្រើន ក្នុងភាគខាងត្បូង ប្រទេសបារាំង ដោយបន្សល់ទុកនូវផលប៉ះពាល់ និងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់៕



