ហេតុអ្វីឥណ្ឌាងាកទៅចាប់ដៃបារាំង លើគម្រោងយន្តហោះចម្បាំងជំនាន់ទី៦..?
ហៀប ស៊ីថេត
11 ម៉ោងមុន

រាជធានីបាងកក៖ ឥណ្ឌា បាននិងកំពុងស្វែងរកឱកាសរចូលរួមក្នុងកម្មវិធីយន្តហោះចម្បាំងជំនាន់ទី៦របស់ប្រទេសបារាំង ក្នុងគោលបំណងដើម្បីធានាតួនាទីនៃឧត្តមភាពដែនអាកាសក្នុងយុគសម័យសង្គ្រាមទំនើបនាពេលខាងមុខ ចំពេលស្ថានភាពភូមិសាស្ត្រនយោបាយអន្តរជាតិក្រឡាប់ចក្រ និងស្មុញស្មាញដូចសម្បុកកណ្តៀ...។

ក្រុមអ្នកវិភាគបានអះអាងថា ដ្បិតចំណាត់ការនេះអាចជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចព្រមព្រៀងដៃគូការពារជាតិរបស់ឥណ្ឌាជាមួយបារាំង ប៉ុន្តែវាមិនអាចជួយកាត់បន្ថយកង្វះខាតនៃយន្តហោះចម្បាំងភ្លាមៗរបស់ប្រទេសមានប្រជាជនច្រើនបំផុតមួយនេះបានឡើយ។ ក្រសួងការពារជាតិ បានប្រាប់សមាជិកសភាឥណ្ឌា កាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមខិតខំប្រឹងប្រែង ដើម្បីចូលរួមក្នុងកម្មវិធីប្រព័ន្ធចម្បាំងអាកាសនាពេលអនាគត (FCAS) ដែលដឹកនាំដោយបារាំង ក្នុងគោលបំណងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ និងប្រព័ន្ធសង្គ្រាមដែនអាកាស។ ប្រព័ន្ធចម្បាំងដែនអាកាសជំនាន់ទី៦ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក រ៉ាដា ឧបករណ៍ស៊ើបការណ៍សម្ងាត់ និងបណ្តាញទិន្នន័យ ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងចែករំលែកព័ត៌មាន និងសម្របសម្រួលការវាយប្រហារនៅទូទាំងសមរភូមិ។

លោក អង់ទ័ន លើវេក (Antoine Levesques) អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកការពារជាតិអាស៊ីខាងត្បូង និងកណ្តាល នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានអះអាងថា FCAS គឺជាជំហានបន្ទាប់ និងជាការផ្លាស់ប្ដូរដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្របារាំង-ឥណ្ឌា ប៉ុន្តែវាមិនមែនជាដំណោះស្រាយសម្រាប់បញ្ហាខ្វះខាតយន្តហោះចម្បាំងបច្ចុប្បន្នរបស់កងទ័ពអាកាសឥណ្ឌានោះទេ។ សូមជម្រាបថា បើទោះបីជាភាពតានតឹងនៅតាមព្រំដែនជាមួយចិន និងប៉ាគីស្ថាន បន្តស្ថិតក្នុងភាពស្រពិចស្រពិលក៏ដោយ ក៏ការពង្រឹងកម្លាំងដែនអាកាសនៅតែជារឿងអាទិភាព ដែលឥណ្ឌាមិនអាចមើលរំលងបានឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត