
រដ្ឋធានីប៉ារីស៖ សាលារៀនប្រមាណ៤០០កន្លែងនៅក្នុងប្រទេសបារាំង បន្តបិទទ្វារនៅថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីការតវ៉ារបស់ក្រុមសិស្សបានផ្ទុះឡើងយ៉ាងគំហុកជុំវិញការទាមទារការកែលម្អវិស័យអប់រំ។ បាតុកម្មនេះ បានវិវឌ្ឈន៍ទៅជាអំពើហិង្សានៅកន្លែងមួយចំនួន។

ដើមឡើយ ការតវ៉ាប្រឆាំងនឹងការខ្វះខាតគ្រូបង្រៀន និងភាពទ្រុឌទ្រោមនៃអគារសិក្សា បានផ្ទុះឡើងក្នុងរដ្ឋធានីប៉ារីសកាលពីខែកញ្ញា។ ប៉ុន្តែនៅពេលរីករាលដាលពាសពេញប្រទេស ការតវ៉ានេះ ក៏បានប្រែជាហិង្សាកាន់តែខ្លាំងឡើង បណ្ដាលឱ្យមនុស្សរាប់សិបនាក់រងរបួស ហើយប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើនរយនាក់។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ជឺរ៉ាលដ៍ ដាម៉ាណាំង (Gerald Darmanin) បានប្រាប់វិទ្យុ RTL នៅថ្ងៃសុក្រទី២ ខែតុលា ឆ្នាំ២០២៦នេះថា៖«មានក្រុមមនុស្សមួយចំនួនដែលចូលរួមក្នុងសកម្មភាពហិង្សា... យើងមិនទាន់ប្រាកដប្រជាថា ពួកគេទាំងអស់នោះជាសិស្សវិទ្យាល័យពិតប្រាកដ ឬយ៉ាងណានោះទេ»។ លោកបានបន្ថែមថា មនុស្សប្រមាណ២០០០នាក់ត្រូវ បានចាប់ខ្លួនចាប់តាំងពីការតវ៉ាបានចាប់ផ្តើម ដោយក្នុងនោះប្រហែល២ភាគ៣ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ លោកបានគូសបញ្ជាក់បន្ថែមថា៖«យើងបានឈានពីការធ្វើបាតុកម្មរបស់សិស្សវិទ្យាល័យ ទៅជាការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ នៅពេលដែលពួកគេដុតបំផ្លាញរថយន្តក្រុង និងដុតសាលារៀន វាលែងជាការតវ៉ាសាមញ្ញទៀតហើយ»។

រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក អេត្វ័រ ហ្សេហ្វ្រេ (Edouard Geffray) បានថ្លែងក្នុងបទសម្ភាសជាមួយកាសែត France 2 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ថា ៖«សាលារៀន និងគ្រឹះស្ថានសិក្សាជាង៤០០កន្លែង នឹងត្រូវបន្តបិទទ្វារនេះ»។ ភ្នាក់ងារសម្ងាត់បានរាយការណ៍ក្នុងកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ថា ចលនាតវ៉ានេះត្រូវបានរៀបចំឡើងដោយអ្នកនយោបាយឆ្វេងនិយមជ្រុល រួមទាំងសមាជិកគណបក្ស ឡា ហ្វ្រង់ អាំងស៊ូមី (La France Insoumise-LFI) ផងដែរ។ ទោះជាយ៉ាងណា សមាជិកសភាបក្សនេះ បានបដិសេធការចោទប្រកាន់តាមរយៈបណ្តាញផ្សព្វផ្សាយបារាំង៕




