សាលារៀន៥០០កន្លែងបិទទ្វារទាំងស្រុងនៅប្រទេសបារាំង ខណៈការតវ៉ារបស់សិស្ស-និស្សិត កាន់តែពុះកញ្ជ្រោល
N
Nary Vann
•
06 តុលា 2026 12:30 PM

រដ្ឋធានីប៉ារីស៖ វិបត្តិបាតុកម្មសិស្ស-និស្សិតនៅទូទាំងប្រទេសបារាំង បានឈានដល់កម្រិតអាសន្នថ្មីមួយទៀត ដោយសាលារៀនរហូតដល់៥០០កន្លែង ត្រូវប្រកាសបិទទ្វារទាំងស្រុង ឬដោយផ្នែក ដោយសារតែបញ្ហាសន្តិសុខមិនអាចធានាបាន។ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក អ៊ីឌួដ ហ្ស៊ីហ្វហ្វ្រាយ (Edouard Geffray)។

អាជ្ញាធរបារាំងបានឱ្យដឹងថា ចាប់តាំងពីចលនាតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែកញ្ញាមក សាលារៀនចំនួន២៤ខ្នងត្រូវបានដុតបំផ្លាញ ឬវាយរុករាន។ ជាមួយគ្នា បុគ្គលិកអប់រំ៧៨នាក់ បានរងរបួស ហើយមនុស្សជាង៥០០០នាក់ (ក្នុងនោះ៨៥ភាគរយ ជាអនីតិជន) ត្រូវបានចាប់ខ្លួន។ អំពើហិង្សាបានកើនឡើងកម្ដៅយ៉ាងខ្លាំង ដោយមានករណីគ្រូបង្រៀនម្នាក់អាយុ៥៩ឆ្នាំ ត្រូវសិស្សវាយ និងស្រោចប្រេងសាំងលើខ្លួន នៅទីក្រុងឡា ស្យូតាត (La Ciotat) ព្រមទាំងករណីប៉ូលិស និងសិស្សវាយតប់គ្នានៅទីក្រុងប៊ីលហ្វឺត (Belfort) ផងដែរ។

ក្រុមសិស្សទាំងនោះ បានតវ៉ាប្រឆាំងនឹងកង្វះគ្រូបង្រៀន ម៉ោងសិក្សាវែងពេក និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនពុកផុយ ដោយចោទប្រកាន់ប៉ូលិសថា បានប្រើប្រាស់ហិង្សាលើសលប់ រួមមាន ការបាញ់គ្រាប់ជ័រ និងប្រើផ្សែងបង្ហូរទឹកភ្នែក។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ នាយករដ្ឋមន្ត្រីបារាំង លោក សេបាស្ទៀន ឡឺក័រញូ (Sebastien Lecornu) បានចេញមុខកំណត់កាលវិភាគបន្ទាន់ ដើម្បីបំពេញតំណែងគ្រូដែលទំនេរ និងជួសជុលអាគារសាលារៀន ខណៈក្រុមបាតុករបានប្រកាសបន្តការតវ៉ារលកធំជាថ្មីទៀតនៅថ្ងៃអង្គារនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត