
រាជធានីភ្នំពេញ៖ ប្រទេសកាហ្សាក់ស្ថានចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជាដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀតលើវិស័យសេដ្ឋកិច្ច ព្រមទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងនយោបាយ និងវប្បធម៌ជាដើម។

ថ្លែងក្នុងពិធីចូលជូនសារតាំងនាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា លោក កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាថា ក្នុងវិស័យសេដ្ឋកិច្ចទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសទាំងពីរគឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាម៉េរិក និងដល់កម្រិត១ពាន់លានដុល្លារអាម៉េរិកនាថ្ងៃខាងមុខ។ លោកបានឱ្យដឹងថាប្រទេសកាហ្សាក់ស្ថានមានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន។
ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតក៏បានបង្ហើបពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។ លោក កាណាត់ បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian (Caspian Corridor) ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល២ខែ។ បន្ថែមពីនោះ ឯកអគ្គរដ្ឋទូតរូបនេះក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។

ជាការឆ្លើយតប សម្តេចតេជោបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការនិងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។ ក្នុងនោះសម្តេចតេជោបានផ្តល់អនុសាសន៍ឱ្យគិតគូររៀបចំកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដែលក្រសួងការបរទេសនៃប្រទេសទាំងពីរត្រូវបន្តពិភាក្សា។ សម្តេចតេជោបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរប់យើងគឺនៅទាបខ្លាំងណាស់ ខណៈសក្តានុពលនៃប្រទេសយើងពីរមានច្រើន។
សម្តេចតេជោក៏បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាសដោយការហោះហើរត្រង់បីកាហ្សាក់ស្ថានមកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះ ដែលច្បាស់ណាស់និងឆ្លងកាត់កាហ្សាក់ស្ថានផងដែរ៕




