កម្ពុជា-កាហ្សាក់ស្ថាន កំពុងពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ
S
Sreyleak Yith
•
25 មិថុនា 2025 02:00 PM

រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤មិថុនា បានជួបពិភាក្សាការងារជាមួយ លោក កាណាត ​ធូមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នា ពីការពិនិត្យលទ្ធភាពឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ​ ​​ ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ក៏ដូចជាជំរុញភ្ញៀវទេសចរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត…។

ក្នុងជំនួបពិភាក្សានោះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនវិស័យស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារសំខាន់នៃវិស័យទេសចរណ៍ ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ លោកឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចូលរួមសន្និសីទអន្តរជាតិ ដែលគ្រោងរៀបចំនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឆ្នាំ២០២៦ខាងមុខ។ ចំពោះសន្និសីទអន្តរជាតិនេះ គ្រោងនឹងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ចែករំលែកអំពីបទពិសោធដ៏មានតម្លែបំផុតរបស់កម្ពុជា គឺដំណើរស្វែងរកសន្តិភាព ការកសាង និងអភិវឌ្ឍប្រទេសមួយដែលចាប់ផ្តើមពីបាតដៃទទេ។

លោកកាណាត ​ធូមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា
លោកកាណាត ​ធូមី ឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសាទរនូវគំនិតដ៏ល្អខាងលើ ដែលទទួលស្គាល់ និងផ្តល់សារសំខាន់ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាពដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពផុយស្រួយនៃជម្លោះ និងសង្រ្គាម៕

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត