
ទីក្រុងកុលកាតា៖ សារព័ត៌មានឥណ្ឌា WION បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១៧នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរចនាសម្ព័ន្ធមួយផ្នែកនៃរោងបុណ្យសាសនាហិណ្ឌូដ៏ធំប្រចាំឆ្នាំ «ឌូរហ្កា ពូចា Durga Puja» នៅតំបន់ឈរបាហ្គាន់ សារបូចានីន (Chorbagan Sarbojanin) ក្នុងទីក្រុងកុលកាតា ប្រទេសឥណ្ឌា បានបាក់រលំលើក្រុមមនុស្សកកកុញ ដែលបានរត់មកចូលជ្រកភ្លៀង កាលពីថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២៦…។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងចំល្ងា «ថ្ងៃសប្តមី» (Saptami) ត្រូវនឹងថ្ងៃទី៧ នៃពិធីបុណ្យ បង្កឱ្យមានស្ថានភាពច្របូកច្របល់ និងរត់ជាន់គ្នាយ៉ាងរន្ធត់ ខណៈដែលប្រជាបរិស័ទហិណ្ឌូយ៉ាងច្រើនកុះករ បានសម្រុកចូលទៅក្នុងរោងពិធី ដើម្បីចូលរួមក្នុងពិធីបុណ្យសាសនាដ៏ធំមួយនេះ ហើយក៏ត្រូវរោងរំលំបាក់សង្កត់ពីលើ។ តាមរយៈការបញ្ជាក់ពីសាក្សីឃើញហេតុការណ៍ និងមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ច្រកទ្វារចេញ-ចូលមានភាពតូចចង្អៀត ភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងនៃចំនួនមនុស្សចោមរោមច្រើនលើសលប់ ដោយសារចំថ្ងៃចុងសប្តាហ៍ គឺជាកត្តាចម្បងៗ ដែលបង្កឱ្យមានគ្រោះមហន្តរាយដ៏រន្ធត់មួយនេះ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់ បាត់បង់ជីវិត នៅក្នុងរោងពិធីបុណ្យឌូរហ្កា ពូចា Durga Puja របស់សមាគមឈរបាហ្គាន់ សារបូចានីន ភាគខាងជើងនៃទីក្រុងកុលកាតា ប្រទេសឥណ្ឌា។

ដោយឡែក សារព័ត៌មាន DNTV បានរាយការណ៍ដោយផ្អែកលើបទសម្ភាសជាមួយសាក្សីម្នាក់ ក្នុងហេតុការណ៍ខាងលើ ថា ដោយសារតែភ្លៀងធ្លាក់នៅខាងក្រៅ គ្មាននរណាម្នាក់ចង់ចេញទៅខាងក្រៅរោងពិធីបុណ្យនោះទេ ខណៈអ្នកឈរនៅមាត់ទ្វារជ្រកភ្លៀង ក៏បានរុញច្រានគ្នា ដើម្បីចូលទៅខាងក្នុង។ សាក្សីរូបនោះ បានបន្ថែមថា រូបលោកផ្ទាល់ ក៏ត្រូវបានជាប់នៅក្នុងគំនរមនុស្សនោះដែរ ប៉ុន្តែលោកបានខិតខំទប់ខ្លួន ហើយដើរទៅរកម្តាយ តែគួរឱ្យសោកស្ដាយ ម្ដាយគាត់លែងមានវត្តមាននៅទីនោះទៀតហើយ ព្រោះម្តាយរបស់លោក គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង១៨នាក់ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។

គួរបញ្ជាក់ថា ពិធីបុណ្យឌូរហ្កា ពូចា គឺជាព្រឹត្តិការណ៍សាសនាហិណ្ឌូដ៏ធំបំផុតមួយ នៅក្នុងប្រទេសឥណ្ឌា ដែលតែងទាក់ទាញប្រជាជនរាប់លាននាក់ឱ្យចូលរួមជារៀងរាល់ឆ្នាំ។ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចឥណ្ឌា កំពុងជួយសង្គ្រោះជនរងគ្រោះដែលរងរបួស និងបានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ជុំវិញស្ដង់ដារសុវត្ថិភាពនៃការរៀបចំរោងពិធីបុណ្យនេះ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការឆ្លើយតបបន្ទាន់៕






